សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើក
បើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង៥៣ប្រទេស ស្មើនឹង២៧២រូប ដើម្បីត្រៀមចូលរួមសម័យប្រជុំពេញអង្គ នាពេលខាងមុខនេះ។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ រួមមាន ប្រធានសភា ៦រូប អនុប្រធានសភា ៦រូប សមាជិកសភា ៩៨រូប និងអង្គការអន្តរជាតិចំនួន ១២អង្គការ។
ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។
នៅក្នុងឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើបាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»
ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ សម្ដេចតេជោបានមានប្រសាសន៍ដោយកក្តីមោទនភាពចំពោះរដ្ឋសភាកម្ពុជាដែលបានទទួលរៀបចំប្រតិភូដែលអញ្ជើញមកពីបណ្ដាថ្នាក់ដឹកនាំសភាអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជានាពេលនេះ។
សម្ដេចតេជោបានមានប្រសាសន៍រំលឹកពីការតស៊ូក្នុងការបញ្ចប់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ និងការយកជីវិតទៅប្ដូរដើម្បីប្រជាជន និងប្រទេសជាតិ។
សម្តេចតេជោបានមានប្រសាសន៍រំលឹកថា មុនពេលភៀសខ្លួនទៅវៀតណាម សម្តេចជាមេបញ្ជាការវរសេនាធំ មានកម្លាំង ២ពាន់នាក់ ដែលពេលនោះសម្តេចមានជម្រើស៤ ដែលជម្រើសទី១ គឺជម្រើសនាំកងកម្លាំងបះបោរ តែមិនមែនជាជម្រើសល្អនោះទេ, ទី២ គឺការដកខ្លួនចេញសិន ហើយទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូស្វែងរកកម្លាំងមករំដោះប្រទេសជាតិ , ទី៣ គឺមិនធ្វើអ្វីទាំងអស់ទុកឱ្យ ក្រុម ប៉ុល ពត យកទៅសម្លាប់ចោលតែម្ដង និងទី៤ គឺការធ្វើអត្តឃាតខ្លួនឯង។ តែទីបំផុត សម្ដេចតេជោបានជ្រើសរើសយកជម្រើសទី២ គឺភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងមករំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ពេលសម្តេចទៅវៀតណាម គឺបានទប់ស្កាត់បានភ្លាមការចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មក ប៉ុល ពត វិញ តែពេលសម្តេចចូលដល់ គឺបានទប់ស្កាត់ទង្វើនេះ។ សម្តេចតេជោក៏បាន អរគុណបក្សកុម្មុយនិស្តវៀតណាម ដែលទទួលយកសំណើរបស់សម្តេច ដែលតាមរយៈសំណើនេះ គឺបានជួយអាយុជីវិតពលរដ្ឋខ្មែរជាច្រើនរូប។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ពេលដែលសម្ដេចស្នាក់នៅវៀតណាមនោះ ប៉ុល ពត តែងវាយប្រហារវៀតណាមជានិច្ច ហើយសម្តេចបានប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ ប៉ុន្តែវៀតណាមមិនជឿនោះទេ។ បើវៀតណាមជឿ គឺកម្លាំងវៀតណាម មិនរងគ្រោះខ្លាំងនោះទេ ហើយទីបំផុតវៀតណាម បានជឿលើអ្វីដែលសម្តេចបានលើកឡើង ក្រោយរងការវាយប្រហារពី ប៉ុល ពត។
សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត។
បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់បានដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាមដដែល។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។សម្ដេចតេជោបន្តថា បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននៅពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ដែលត្រូវការពារឱ្យជាប់ជានិច្ច ហើយមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ កម្ពុជាឈឺចាប់គ្រប់គ្រាន់ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការយោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។
សម្រេចតេជោបានបន្តទៀតថា នយោបាយនេះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ, ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់, ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយចោលនូវអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហម តាមរយៈ យុទ្ធសាស្ត្រ DIFID (Divide, Isolate, Finish, Integrate, and Develop) ។ សម្ដេចបានដាក់ចេញនូវ «ការធានា បីយ៉ាង» ដែលសម្ដេចជឿយ៉ាងមុតមាំថា ជារូបមន្តដ៏ស័ក្តិសិទ្ធ ដើម្បីឱ្យក្រុមខ្មែរក្រហមដែលលែងចង់ឃើញការបង្ហូរឈាមរវាង ខ្មែរ និង ខ្មែរ, សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ, គ្មានអ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួកយើងបានទន្ទឹងរង់ចាំជាយូរមកហើយ ។សម្ដេចបានដាក់អាយុជីវិតរបស់សម្ដេចធ្វើជាដើមទុនលើកទី ២ នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយ ។
សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និង ប្រកាសរួមគ្នាដោយព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងខែ ធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបាន ផ្សះផ្សាសង្គមប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេស ជាតិផងដែរ (បច្ចុប្បន្ន, គំរូនៃយុត្តិធម៌អន្តរកាលនៅលើឆាកអន្តរជាតិ មិនមានច្រើនទេ សូម្បីតែប្រទេសរ៉ាវ៉ាន់ដា ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ១៩៩៤ ក៏មិនបានកសាងតុលាការកូនកាត់ដូចកម្ពុជាដែរ ។
បច្ចុប្បន្នយើងមានឯកសាររឹងជាប្រវត្តិសាស្ត្រ ក៏ដូចជាឯកសារឌីជីថលលើសពី ២ លានទំព័រ ត្រូវបានរក្សាទុកនៅបណ្ណាល័យជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងដកស្រង់អំពីបទពិសោធនៃការប្រឆាំងរបបប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ សម្រាប់មនុស្សជាតិ អ្នកសិក្សាស្រាវជ្រាវ ធ្វើការសិក្សា ក៏ដូចជា ស្ថាប័នយុត្តិធម៌អន្តរជាតិនានា ដែលអាចយកគំរូបានលើសាលាក្តីខ្មែរក្រហមរបស់កម្ពុជា)។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានខិតខំកែទម្រង់ផ្ទៃក្នុងផង, ខិតខំជំរុញសមាហរណកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងតំបន់ និងសកលលោកផង ។ នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ, រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ នៅឆ្នាំ ១៩៩៨- ២០០៣ និង យុទ្ធសាស្ត្រចតុកោណ ចំនួន ៤ ដំណាក់កាល ចាប់ពីឆ្នាំ ២០០៣ រហូតដល់ ២០២៣ ។
យុទ្ធសាស្ត្រត្រីកោណ សង្កត់ធ្ងន់លើ អាទិភាព ៣ គឺ ទី១. ធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស, ទី២. សមាហរណកម្ម របស់កម្ពុជាទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ រួមទាំង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ, និង ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, ការកាត់បន្ថយភាពក្រីក្រ, ការកែទម្រង់អភិបាលកិច្ច, ស្ថាប័នប្រព័ន្ធតុលាការ និងការគ្រប់គ្រងវិស័យសាធារណៈ (ចំណុចយុទ្ធសាស្ត្រ និងការកែទម្រង់សេដ្ឋកិច្ចរបស់យើង គឺផ្អែកលើប្រជាជនជាស្នូល, ទើបទទួលបានជោគជ័យ ដោយយើងពង្រីកវណ្ណៈកណ្តាលទន្ទឹមគ្នានឹងការកាត់បន្ថយភាពក្រីក្រ)។
ចាប់ពីអាណត្តិទី ៣ ដល់អាណត្តិទី ៦, រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ, ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ, ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការ តភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច, បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។
ទន្ទឹមនឹងការជំរុញការអភិវឌ្ឍផ្ទៃក្នុង យើងក៏បានជំរុញការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើតជាកាលានុវត្តភាពថ្មីៗសម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ។សម្តេចបានដឹកនាំកម្ពុជាចូលក្នុងសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេនអាស៊ាន ៣ ដង, ពោលគឺ នៅឆ្នាំ ២០០២, ២០១២ និង ២០២២ ។ តាមរយៈអាស៊ាន, កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ជាមួយនឹងដៃគូអន្តរជាតិ នានា ហើយយើងបានបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ។ ទន្ទឹមនេះ, កម្ពុជាក៏បានខិតខំដោយជោគជ័យក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤ ផងដែរ ។
តាមរយៈការរៀបចំ និងអនុវត្តគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព, កម្ពុជា បានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យ បើយើងពិចារណាដោយប្រៀបធៀបជាមួយ ប្រទេសដែលងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា ។ យើងបានផ្លាស់ប្ដូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាជនយើងចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅខាងក្រោម ១០% នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយយើងក៏កំពុង ឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ដោយពេញលេញនៅឆ្នាំ ២០២៩ ខាងមុខ ។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ, ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពប្រជាពលរដ្ឋ, ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយ ផ្សេងៗ ។ យើងបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក, ក្លាយជាប្រទេស ដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារៈ សន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀត ។
ផ្អែកលើសមិទ្ធផលកន្លងមកនេះ, រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បី កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» និងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធន មនុស្ស ។ យុទ្ធសាស្ត្រនេះ សម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់ ព្រមទាំងត្រូវបានតម្រង់ និងកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស, តំបន់ និង សកល និងបទពិសោធនៃការអនុវត្តពីដំណាក់កាលមុនៗ សំដៅសម្លឹងទៅមុខឆ្ពោះទៅដល់ការសម្រេចបានគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
បន្ទាប់ពីបញ្ចប់បាឋកថាពិសេស សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទទួលបានពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គរបស់ IPTP លើកទី១១ នៅរាជធានីភ្នំពេញប្រកបដោយក្តីរីករាយ និងមោទនភាព៕