ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញទស្សនកិច្ចស្វែងយល់ពីការអនុវត្តកម្មវិធីជាតិជំនួយសង្គម នៅស្រុកពាមរក៍ ខេត្តព្រៃវែង
ភ្នំពេញ៖ ក្នុងគោលបំណងស្វែងយល់អំពីដំណើរការ លទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ និងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅខេត្តព្រៃវែង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំមន្ត្រីក្រោមឱវាទក្រសួងធ្វើទស្សនកិច្ចសិក្សាចំពោះកម្មវិធីជាតិជំនួយសង្គមមួយនេះដែលបានធ្វើ ឡើងនៅឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយនៅទីនេះឯកឧត្តមរដ្ឋមន្ត្រីបានជួបជាមួយមេឃុំ ជំទប់ឃុំ មន្ត្រីទទួលបន្ទុកកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ មន្ត្រីទទួលបន្ទុកកម្មវិធីអត្តសញ្ញាណកម្មពិការភាព មន្ត្រីទទួលបន្ទុកកិច្ចការនារី និងកុមារ ក្រុមប្រឹក្សាឃុំ និងមេភូមិបាបោង រួមទាំងប្រធានមណ្ឌលសុខភាពបាបោង និងមន្ត្រីកាន់កម្មវិធីនៅមណ្ឌលសុខភាពជាដើម។
បន្ទាប់មកឯកឧត្តមបានបន្តជួបជាមួយមេគ្រួសារ និងសមាជិកគ្រួសារ ដែលបានទទួលផលពីកម្មវិធីជាតិសង្គមក្នុងកញ្ចប់គ្រួសារ ដូចជាស្ត្រីមានផ្ទៃពោះ ឬម្តាយ និងកុមារអាយុក្រោម២ឆ្នាំ ជនចាស់ជរាចាប់៦០ឆ្នាំឡើង ជនមានពិការភាព និងយុវជនបាន និងកំពុងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ មុននឹងបន្តជួបជាមួយ នាយក នាយករង នៃវិទ្យាស្ថានបណ្តុះបណ្តាល មន្ត្រីទទួលបន្ទុកចុះឈ្មោះយុវជនចូលក្នុងកម្មវិធី និងមន្ត្រីពាក់ព័ន្ធនានា៕