ក្រសួងការងារ បើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២

ភ្នំពេញ៖ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
ថ្លែងក្នុងកម្មវិធីបើកវគ្គវិក្រឹតការ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ក្នុងការអនុវត្តកញ្ចប់ស្តង់ដាបណ្តុះបណ្តាលស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលមិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាព និងគុណភាពជាចម្បងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់ និងគុណតម្លៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សំដៅទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ និងជ្រើសរើសរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្របតាមស្តង់ដាជាតិ និងតំបន់ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ បន្តរួមសហការជាមួយអគ្គនាយកដ្ឋានTVET, វិស័យឯកជន យកចិត្តទុកដាក់ចំពោះបេសកកម្មបណ្តុះបណ្តាល ១,៥លាននាក់ ពិសេស វិន័យ ការគ្រប់គ្រងថ្នាក់សិក្សា គ្រូបច្ចេកទេស តាមដាននិងវាយតម្លៃគុណភាពសិក្សាវគ្គវិក្រឹតការនេះ។
ឯកឧត្តមរដ្ឋលេខាធិការលើកទឹកចិត្តឱ្យគ្រូបច្ចេកទេស លោកគ្រូ អ្នកគ្រូទទួលខុសត្រូវវគ្គសិក្សាទាំងអស់ ចូលរួមដោយសកម្ម ក្រេបយកបទពិសោធន៍ និងចែករំលែកបទពិសោធន៍ ព្រមទាំងគំនិតក្នុងវគ្គបំប៉ននេះទៅដល់សិក្ខាកាម សិស្ស-និស្សិត ដើម្បីទទួលបានចំណេះដឹង និងជំនាញស្របតាមទីផ្សារការងារ។
ឯកឧត្តមសង្ឃឹមថាលទ្ធផលនៃវគ្គនីមួយៗនេះ នឹងចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍសមត្ថភាពគ្រូបច្ចេកទេស ឱ្យមានគុណភាពខ្ពស់ជាមួយវិធីសាស្ត្របណ្តុះបណ្តាលដ៏រឹងមាំ និងការអនុវត្តជាក់ស្តែងនូវជំនាញបច្ចេកទេសដែលនឹងជួយផលិតបាននូវសិក្ខាកាម សិស្ស-និស្សិត ឬកម្មករ ជំនាញប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់កម្លាំងពលកម្ម បានតាមសេចក្តីប្រាថ្នានៃសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី២នេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាគ្រូបច្ចេកទេសសរុបចំនួន ១៥០នាក់ និងមានការធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕

អត្ថបទដែលជាប់ទាក់ទង