អ្វីជាហេតុផលនៅពីក្រោយនៃការទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងម៉ាឡេស៊ី ខណៈរុស្ស៊ីកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង?

ប្រទេសកូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយ ដោយផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់រ៉ែខនិជ ពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលដៅដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ គាប់ជួនគ្នាប្រទេសម៉ាឡេស៊ីដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក៏កំពុងតែស្វះស្វែងរកការធ្វើបច្ចុប្បន្នភាពនូវប្រភេទយន្តហោះប្រតិកម្មផ្នែកកងទ័ពអាកាសរបស់ខ្លួនផងដែរ។
មានទស្សនៈជាច្រើន ពីសំណាក់ក្រុមអ្នកតាមដានព្រឹត្តិការណ៍នៅក្នុងតំបន់បានលើកឡើងនៅថ្ងៃចន្ទនេះថា អ្វីជាមូលហេតុនៅពីក្រោយនៃកិច្ចសហប្រតិបត្តិការទំាងពីរប្រជាជាតិ ដោយសារតែប្រទេសកូរ៉េខាងត្បូង ស្ថិតនៅក្នុងអាស៊ីខាងកើត រីឯប្រទេសម៉ាឡេស៊ីស្ថិតនៅក្នុងតំបន់អាស៊ាននោះ?។
វាជារឿងធម្មតានៅក្នុងការទំនាក់ទំនងគ្នារវាងប្រទេសនិងប្រទេស ដើម្បីចែករំលែកនូវការប្តេជ្ញាចិត្តរួមគ្នាលើផលប្រយោជន៍ទំាងអស់គ្នា ជាពិសេសលើជ្រុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ឆ្នំាក្រោយៗបន្តទៀត។
បើផ្អែកតាមការគូសបញ្ជាក់ពីការិយាល័យរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងវិញ បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូងបានទទួលការអញ្ជើញពីសំណាក់ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃការចាប់ផ្តើមគម្រោងឡើងវិញលើប្រភេទយន្តហោះចំបំាង បន្ទាប់ពីមានកិច្ចសន្យាឆ្នំា២០២៣រវាងប្រទេសទំាងពីរ ក្នុងការផ្គត់ផ្គង់យន្តហោះប្រតិកម្មប្រមាណជា១៨គ្រឿង មានតម្លៃជាទឹកប្រាក់ប្រមាណជា៩២០លានដុល្លារអាម៉េរិក។
ស្ថិតនៅក្នុងន័យនេះដែរ លោកយ៉ុន និងលោកអាន់វ៉ាត្រូវគេមើលឃើញថា បានចែករំលែកនូវទស្សនៈកង្វល់ជារួមនៃកិច្ចប្រតិបត្តិការយោធាកាន់តែមានកំណើនរវាងប្រទេសកូរ៉េខាងជើង និងប្រទេសរុស្ស៊ី ព្រមទំាងបញ្ហាវិបត្តិមនុស្សធម៌នៅក្នុងដែនដីហ្គាហ្សា រួមទំាងអំពើហិង្សាដែលកំពុងតែបន្តកើតមានឡើងនៅក្នុងប្រទេសលីបង់ ដែលផ្តើមចេញពីជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ានោះ៕

អត្ថបទដែលជាប់ទាក់ទង