រដ្ឋអាជ្ញាពិសេសអាមេរិក ទម្លាក់ចោលការចោទប្រកាន់លោក ត្រាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២

(វ៉ាស៊ីនតោន)៖ ចៅក្រមអាមេរិកម្នាក់ កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា បានទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការព្យាយាមកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលលោកបានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន បន្ទាប់ពីរដ្ឋអាជ្ញាបានសម្រេចទម្លាក់ចោលការចោទប្រកាន់លើសំណុំរឿងនេះ រួមទាំងការកាន់កាប់ឯកសារសម្ងាត់ជាតិដោយខុសច្បាប់របស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចខាងលើរបស់លោកស្រីចៅក្រម Tanya Chutkan ធ្វើឡើងដោយសំអាងលើគោលនយោបាយរបស់ក្រសួងយុត្តិធម៌អាមេរិកដែលប្រឆាំងនឹងការចោទប្រកាន់លើ ប្រធានាធិបតីកំពុងកាន់តំណែង។ សាលក្រមសម្រេចរបស់លោកស្រីចៅក្រម បានបិទបញ្ចប់សំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក ត្រាំ ជុំវិញការព្យាយាមកែប្រែលទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០២០ និងការញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោកសម្រុកចូលអុកឡុកវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ការចេញសាលក្រមនេះដែរ ធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញាពិសេសអាមេរិក លោក Jack Smith បានទម្លាក់ចោលការចោទប្រកាន់លោក ត្រាំ លើសំណុំរឿងទាំង២ខាងលើ។ នេះជា ជ័យជម្នះផ្លូវច្បាប់ដ៏ធំមួយរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ហើយនឹងត្រូវស្បថចូលកាន់តំណែង ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក ត្រាំ ក៏ធ្លាប់បានសន្យាផងដែរថានឹងបណ្ដេញលោក Jack Smith ចេញពីតំណែងភ្លាមៗ នៅពេលរូបលោកឡើងកាន់អំណាច។
គួរបញ្ជាក់ថា គោលនយោបាយរបស់ក្រសួងយុត្តិធម៌អាមេរិកដែលរដ្ឋអាជ្ញាពិសេសយកមកពីជាសំអាង គឺត្រូវបានប្រកាន់ខ្ជាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ។ គោលនយោបាយនេះ បានកំណត់ថាការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងប្រធានាធិបតីម្នាក់កំពុងកាន់អំណាច នឹងបំពានលើរដ្ឋធម្មនុញ្ញអាមេរិក ដោយបំផ្លាញសមត្ថភាពរបស់ប្រធានាធិបតី ក្នុងការអនុវត្តតួនាទី របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង