ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល
(ភ្នំពេញ)៖ វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) សហការជាមួយស្ថាប័ន និងអង្គការដៃគូជាច្រើនទៀតរបស់ចិន រៀបចំកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលរយៈពេលពេញមួយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិធីបើកកិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
បន្ទាប់ពីពិធីត្រូវបានបើកជាផ្លូវការរួចរាល់ នឹងមានកិច្ចប្រជុំនឹងបន្តជាមួយកិច្ចប្រជុំពេញអង្គចំនួន៣វគ្គដោយពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន៣។ កិច្ចពិភាក្សានឹងចូលរួមដោយអ្នកជំនាញនៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិន។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាទំនុកចិត្តខ្ពស់ដោយដឹងថា ការជួបជុំគ្នារបស់យើងថ្ងៃនេះ នឹងនាំមកនូវលទ្ធផលជាផ្លែផ្កា នៅពេលដែលវត្តមានរបស់អ្នកចូលរួមទាំងអស់ គឺជាការបង្ហាញពីសក្តានុពលដ៏ធំសម្បើមនៃធុរកិច្ច និង កាលានុវត្តភាពវិនិយោគ ដែលនឹងត្រូវបានថែទាំ និង ធ្វើប្រតិបត្តិការនាថ្ងៃនិងឆ្នាំខាងមុខនេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុគសម័យដ៏ខ្មៅងងឹតបំផុត នៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានបញ្ចប់ជាច្រើនទសវត្សរ៍មកហើយ។ ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ លើ
វិស័យជាច្រើន រាប់ចាប់ពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ហេដ្ឋារចនាសម្ព័ន្ធទំនើប, និងសេដ្ឋកិច្ចដែលមានសមាហរណកម្ម យ៉ាងពេញលេញនៅក្នុងទីផ្សារក្នុងតំបន់ និង ពិភពលោក ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ, សន្តិភាព និង ស្ថិរភាពរបស់កម្ពុជា, ទីតាំងយុទ្ធសាស្រ្តនៅក្នុងអាស៊ាន និង គោលនយោបាយ ដែលគាំទ្រសម្រួលធុរកិច្ចរបស់កម្ពុជា ផ្តល់ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគរបស់ភ្ញៀវទាំងអស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និង បច្ចេកវិទ្យាសកលចិន» គឺជាការប្តូរឈ្មោះពី «កិច្ចប្រជុំកំពូលសេដ្ឋកិច្ចចិនពិភពលោក» ។ នេះគឺជាឆ្លុះបញ្ចាំងពីតថភាពមិនអាចប្រកែកបាននៃសម័យកាលរបស់យើង ដែលកំណើនសេដ្ឋកិច្ច ត្រូវតែមានការគាំទ្រពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរាតត្បាតជំងឺកូវីត១៩ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ, ក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ នៃសេដ្ឋកិច្ចពិភពលោក ។ ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលរងផលប៉ះពាល់ ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ, ហើយគំរូធុរកិច្ចត្រូវបានកែសម្រួល និងរៀបចំសាជាថ្មី ។ សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ច និង ការវិនិយោគថ្មី ដែលមិនធ្លាប់មានពីមុនមក។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិន បានព្យាករថា ការអភិវឌ្ឍគុណភាពខ្ពស់របស់ចិន ក្នុងរយៈពេលមធ្យមទៅវែង នឹងត្រូវបានជំរុញដោយ “កម្លាំងផលិតភាពថ្មី” ដូចជា បញ្ញាសិប្បនិម្មិត (AI), សេដ្ឋកិច្ចឌីជីថល, មនុស្សយន្ត, សេដ្ឋកិច្ចរយៈកម្ពស់ទាប (ឧ. ដ្រូន), វត្ថុធាតុដើមផលិតថ្មី និង ឧស្សាហកម្មនវានុវត្តន៍ផ្សេងទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក ដូច្នេះនៅពេលដែលចិន ផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់, សម្តេចជឿជាក់ថា តំបន់ទាំងមូលពិតជាទទួលបានផលប្រយោជន៍ ពីការតម្រង់ទិសគោលនយោបាយបែបនេះដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាក់ទំនងវប្បធម៌ចាក់ឫសយ៉ាងជ្រៅរបស់យើង រួមផ្សំជាមួយនឹងទំនាក់ទំនងអន្តររដ្ឋាភិបាលដ៏រឹងមាំ បានបង្កើតបរិយាកាសអំណោយផលពិសេសមួយ សម្រាប់ការរីកចម្រើនរបស់វិនិយោគចិន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នោះគឺការប្រកាន់ជំហរថាតួអង្គសំខាន់ក្នុង ការជំរុញកំណើនសេដ្ឋកិច្ច មិនមែនជារាជរដ្ឋាភិបាលនោះទេ ប៉ុន្តែជាធុរកិច្ច និង វិនិយោគិន។ តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបង្កើតបរិយាកាសអំណោយផល ដែលធុរកិច្ចអាចរីកចម្រើន, នវានុវត្តន៍អាចមានភាពជឿនលឿន, ហើយកំណើនសេដ្ឋកិច្ចទទួលបានការថែទាំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងពិភពលោកដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ, សន្តិភាព និង ស្ថិរភាពនយោបាយ បានត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះ សម្រាប់ប្រទេសមួយចំនួន ។ មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានសំណាងទទួលបានសន្តិភាព និង ស្ថិរភាពនយោបាយនោះទេ។ សន្តិភាពគឺមានតម្លៃ និងជាទំនិញដ៏កម្រ។ សន្តិភាពមិនអាចកើតឡើងតាមចិត្តចង់បាននោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចជឿថា សន្តិភាព និង ស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែ «ជាកត្តាដែលចាំបាច់ខានពុំបាន» ។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរី បំផុតនៅអាស៊ី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ និង ការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះគឺជាចំណុចខុសគ្នា ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន យើងពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង សម្រាប់ការវិនិយោគ។ សម្តេចពិតជាជឿជាក់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំង នៅក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើង បានផ្តល់នូវវិសាលភាពទីផ្សារធំទូលាយ ។ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), យើងផ្តល់នូវទីផ្សារដែលមានប្រជាជន ២,៣ ប៊ីលាននាក់ និងកម្លាំងសេដ្ឋកិច្ច ដែលស្មើនឹងជិតមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់គឺបានន័យថា នេះមិនមែនជាការចូលទៅកាន់ទីផ្សារ ក្នុងស្រុករបស់ប្រទេសកម្ពុជា ដែលមានអ្នកប្រើប្រាស់ ១៦លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលទីផ្សាររួម ដែលមានប្រជាជនរាប់ពាន់លាននាក់។ យើងមិនត្រឹមតែផ្តល់ជូនវិនិយោគិននូវកន្លែងសម្រាប់ការវិនិយោគប៉ុណ្ណោះទេ យើងកំពុងតែផ្តល់ជូនពួកគេ នូវសក្តានុពលឆ្ពោះទៅអនាគតរបស់តំបន់នេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានមោទនភាពក្នុងការបង្ហាញថា ៦២ភាគរយនៃល្បាយថាមពលរបស់យើង បានមកពីប្រភពកកើតឡើងវិញរួចហើយ។ យើងជឿថា ការការពារបរិស្ថានរបស់យើង ក៏ជាការការពារផលប្រយោជន៍របស់វិនិយោគិនផងដែរ ។ ដោយសារតែទីផ្សារពិភពលោកមានការទាមទារកាន់តែច្រើនឡើង ទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់បៃតង កម្ពុជាអាចផ្តល់ជូនវិនិយោគិន នូវអត្ថប្រយោជន៍ដែលមានភាពប្រកួតប្រជែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវថាមពលកកើតឡើងវិញ ៧០ភាគរយនៅឆ្នាំ ២០៣០ និង ឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ គឺជាការផ្ញើសារយ៉ាងច្បាស់ថា នៅពេលដែលវិនិយោគិន ជ្រើសរើសប្រទេសកម្ពុជា ពួកគេមិនត្រឹមតែជ្រើសរើសកន្លែងវិនិយោគប៉ុណ្ណោះទេ ពួកគេក៏កំពុងក្លាយជាតួអង្គក្នុងការកសាងអនាគតប្រកបដោយចីរភាពផងដែរ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចជឿថា នេះគឺជាលក្ខខណ្ឌមួយដែលបង្កើនទំនុកចិត្តដល់ក្រុមហ៊ុន BYD មកលើប្រទេសកម្ពុជា ហើយឥឡូវនេះ យើងកំពុងស្ថិតក្នុងការចរចាដំណាក់កាលចុងក្រោយ ក្នុងការបង្កើតរោងចក្រ BYD នៅឆ្នាំក្រោយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទីតាំងអំណោយផលរបស់កម្ពុជាស្ថិតនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីតាំងយុទ្ធសាស្ត្រ ប្រកបដោយភាពងាយស្រួល នៅក្នុងការតភ្ជាប់ជាមួយអាស៊ី និង អនុតំបន់មេគង្គ ។ នេះគឺជាមូលហេតុ ដែលរាជរដ្ឋាភិបាលរបស់សម្តេច បានកំណត់យកការតភ្ជាប់ក្នុងតំបន់ជាអាទិភាពកំពូលរបស់យើង។ តាមរយៈ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា» គឺយើងមិនត្រឹមតែសាងសង់ផ្លូវប៉ុណ្ណោះទេ យើងកំពុងបង្កើតច្រករបៀងពាណិជ្ជកម្ម តាមរយៈការរួមបញ្ចូលគ្នាជាបណ្តាញផ្លូវថ្នល់ ផ្លូវដែក និង ផ្លូវទឹក។ ដូច្នេះការជ្រើសរើសប្រទេសកម្ពុជា មានន័យថា ជាការជ្រើសរើសទីតាំង ដែលអាចកាត់បន្ថយការចំណាយ និងអាចបង្កើនល្បឿននៃការដឹកជញ្ជូន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានប្រជាជនក្មេងជាងគេនៅអាស៊ី ដោយពីរភាគបី នៃប្រជាជនកម្ពុជា មានអាយុក្រោម៣៥ឆ្នាំ ។ យើងមានប្រជាជនរាប់លាននាក់ ដែលមានគំនិតភ្លឺស្វាង និង មានចំណេះដឹងបច្ចេកវិទ្យា ចង់បង្កើតគំនិតច្នៃប្រឌិត និង បំប្លែងគំនិតឱ្យទៅជាការពិត ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយការទទួលស្គាល់នូវកាលានុវត្តភាពនេះ យើងបានចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដែលផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈគ្រប់ជ្រុងជ្រោយ ដល់យុវជនកម្ពុជាចំនួន ១,៥ លាននាក់ ។ សិស្សវិទ្យាល័យ និង សាកលវិទ្យាល័យរបស់យើង តែងតែចូលរួមការប្រកួតប្រជែងមនុស្សយន្តអន្តរជាតិជារៀងរាល់ឆ្នាំហើយពួកគេបានឈ្នះមេដាយជាច្រើនផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពួកគេគឺជាកម្លាំងចលករ ដែលនឹងបង្កើននូវភាពជោគជ័យនៃអាជីវកម្មផ្តល់នូវទស្សនវិស័យថ្មីៗ ចំពោះប្រតិបត្តិការ និង ជួយធុរកិច្ចរបស់អ្នក មានភាពប្រកួតប្រជែងក្នុងសម័យឌីជីថល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងយល់ថា ពេលវេលាគឺមានតម្លៃសម្រាប់អាជីវកម្ម ដែលនេះជាមូលហេតុដែលយើងបាន ធ្វើឱ្យដំណើរការចុះបញ្ជីក្រុមហ៊ុន មានលក្ខណៈជាឌីជីថល ។ យើងបានសម្រួលដល់ដំណើរការអនុម័តការវិនិយោគ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាងនេះទៅទៀត សម្តេចបានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដែលជាយន្តការផ្ទាល់របស់សម្តេច ក្នុងការគាំទ្រអាជីវកម្ម ។ ទីមួយគឺ គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្មដែលធ្វើការជាអ្នកគិតគូរ ផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមដាននិន្នាការសកល និង ធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែង ។ មួយទៀតគឺ គណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចង់បញ្ជាក់ឱ្យច្បាស់ថា រាជរដ្ឋាភិបាលរបស់យើង គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយយើងតែងតែនៅជួយគាំទ្រដល់អ្នកគ្រប់ជំហាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងអាណត្តិរបស់សម្តេច, យើងបានបន្ថែមពាក្យ «បច្ចេកវិទ្យា» ជាធាតុផ្សំថ្មីបន្ថែម នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីធ្វើពិពិធកម្ម និង ទំនើបកម្មឧស្សាហកម្មរបស់យើង ដែលពឹងផ្អែកលើជំនាញ និង ចំណេះដឹង ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសូមធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី សូមសន្យាថា រាជរដ្ឋាភិបាលរបស់សម្តេច នឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។ ទ្វាររបស់យើងតែងតែបើកចំហ ហើយយើងនៅតែរក្សាគោលការណ៍ ដែលអាចព្យាករណ៍បាន ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះអាជីវកម្មរបស់អ្នក គឺមិនមានការផ្លាស់ប្តូរទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសូមអញ្ជើញភ្ញៀវទាំងអស់ ដើម្បីក្លាយជាផ្នែកមួយនៃដំណើរការក្នុងការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ។ មិនថានៅក្នុងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍ឌីជីថល ឬការបណ្តាក់ទុនផ្សេងទៀតនោះទេ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាដៃគូក្នុងភាពជោគជ័យរបស់អ្នក៕