រថយន្ដមួយគ្រឿង បុកយុវជនម្នាក់ ពេលកំពុងជិះម៉ូតូ បណ្ដាលឲ្យរងរបួសធ្ង..ន់ រួចបើករត់គេចបាត់ គ្រួសារអំពាវនាវសមត្ថកិច្ចតាមចាប់អ្នកបើករថយន្ដបង្ក មកទទួលខុសត្រូវតាមច្បាប់
(ភ្នំពេញ)៖ រថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2W-9618 បើកបរក្នុងល្បឿនយ៉ាងលឿនបុកយុវជនម្នាក់ដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ រួចបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្ដុបបូកគោក ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតូ បានឲ្យដឹងថា រថយន្ដបង្កបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏បុកជាមួយម៉ូតូរបស់ជនរងគ្រោះ ហើយក៏បន្ថែមល្បឿនដើម្បីរត់គេចតែម្ដង ដោយគៀបជាប់ម៉ូតូជនរងគ្រោះនៅខាងក្រោមរថយន្ដអូសបែកផ្កាភ្លើង ក៏រថយន្ដនោះមិនព្រមឈប់នោះដែរ រហូតទាល់តែខ្ទាតម៉ូតូចេញ ដោយបន្សល់ទុកផ្លាកលេខមួយសន្លឹកជ្រុះនៅកន្លែងកើតហេតុ។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ វេង ប៊ុនអេង ជាបុគ្គលិកប្រចាំហាង 7-Eleven។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។ ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនអ្នកបើករថយន្ដបង្ក មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕