សួនសង្រ្គោះសត្វព្រៃ ល្បីទាក់ទាញទេសចរនៅមណ្ឌលគិរី ជិតប្ដូរទីតាំងថ្មីហើយ

សួនសង្រ្គោះសត្វព្រៃ មយូរ៉ា ដែលស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គ្រោងប្ដូរទៅកាន់ទីតាំងថ្មី នាពេលឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងកាន់តែច្រើន។ នេះបើតាមកាឲ្យដឹង ពីលោក ជឿន ផា អ្នកមើលថែទាំសត្វព្រៃ នៅក្នុងសួនសង្រ្គោះសត្វព្រៃមយូរ៉ា។
មានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី សួនសត្វមយូរ៉ា បានទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនា និងថតរូបជាមួយសត្វព្រៃ អស់រយៈពេលជាង ៨ឆ្នាំមកហើយ។ សួនសត្វនេះ លាតសន្ធឹងលើផ្ទៃដីសរុបជាង ១០ហិកតា និងមានសត្វចំនួន ៤ប្រភេទ គឺសត្វប្រើស ២៤ក្បាល ឈ្លូស ១ក្បាល ជ្រូកព្រៃ ៦ក្បាល និងក្ងោក ៩ក្បាល។ ប៉ុន្តែបើតាមការឲ្យដឹងពីលោក ជឿន ផា សួនសត្វនេះ មិនសូវមានអ្នកទស្សនាប៉ុន្មានទេ នារយៈពេលចុងក្រោយនេះ។

អ្នកថែទាំប្រចាំសួនសត្វដដែល បានបញ្ជាក់ដែរថា សត្វព្រៃទាំងអស់នឹងប្ដូរទៅកាន់ទីតាំងថ្មី នៅឯរមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ដោយសារទីតាំងបច្ចុប្បន្ន នៅឆ្ងាយពីទីប្រជុំជន និងតំបន់ទេសចរណ៍។ យ៉ាងណាក្ដី លោកមិនទាន់អាចបញ្ជាក់បានទេ ពីពេលវេលាជាក់លាក់នៃការផ្លាស់ប្ដូរទីតាំងនេះ។ ការផ្លាស់ប្ដូរនេះ គឺចំពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានប្រកាសពីគម្រោងថ្មី ៣ ដែលក្នុងនោះ ក៏មានគម្រោងបង្កើតសួនសត្វថ្មីផងដែរ។ គម្រោងថ្មី២ទៀត គឺគម្រោងស្ពានកញ្ចក់ និងគម្រោងផ្លូវជិះម៉ូតូកង់បួន ATV ទៅកាន់ទឹកធ្លាក់ទី៣៕

អត្ថបទដែលជាប់ទាក់ទង