សម្តេចធិបតី ៖ ការរាតត្បាតជំងឺកូវីត១៩ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ ក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ នៃសេដ្ឋកិច្ចពិភពលោក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការរាតត្បាតជំងឺកូវីត១៩ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ, ក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ នៃសេដ្ឋកិច្ចពិភពលោក។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានឱ្យដឹងថា ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលរងផលប៉ះពាល់ ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ, ហើយគំរូធុរកិច្ចត្រូវបានកែសម្រួល និងរៀបចំសាជាថ្មី ។ សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ច និង ការវិនិយោគថ្មី ដែលមិនធ្លាប់មានពីមុនមក។
សម្តេចធិបតី បានបន្ថែមថា «កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និង បច្ចេកវិទ្យាសកលចិន» គឺជាការប្តូរឈ្មោះពី «កិច្ចប្រជុំកំពូលសេដ្ឋកិច្ចចិនពិភពលោក» ។ នេះគឺជាឆ្លុះបញ្ចាំងពីតថភាពមិនអាចប្រកែកបាននៃសម័យកាលរបស់យើង ដែលកំណើនសេដ្ឋកិច្ច ត្រូវតែមានការគាំទ្រពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា៕