ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត មានរយៈពេល៥ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសណ្ឋាគារសាន់វេ។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះបានរៀបចំឡើងដោយផ្នែកបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ឧបត្ថម្ភដោយ អង្គការ UNFPA ក្នុងគោលបំណងដូចខាងក្រោម៖
១. បង្កើនគ្រូបង្គោល EmONC បន្ថែមនៅមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យខេត្ត
២. ចែករំលែកបទពិសោធន៍ដើម្បីក្លាយជាគ្រូបង្គោលដែលមានគុណភាព
៣. សិក្ខាកាមម្នាក់ៗអាចរៀបចំកិច្ចតែងការដើម្បីបង្រៀន EmONC ប្រកបដោយទំនុកចិត្ត។
លោកជំទាវសាស្រ្តាចារ្យក៏បានមានអនុសាសន៍លើការពង្រឹងគុណភាពនៃធនធានមនុស្ស ជាពិសេសនៅពេលកំពុងបម្រើការងារឱ្យស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០៣០ផងដែរ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោកជំទាវសាស្រ្តាចារ្យ ទុង រដ្ឋាវី ទីប្រឹក្សានៃក្រសួងសុខាភិបាល នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកសាស្រ្តាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា លោក លោកស្រី ប្រធាន អនុប្រធានផ្នែកបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោក លោកស្រី វេជ្ជបណ្ឌិត និងឆ្មប នៅផ្នែកសម្ភព រោគស្រ្តី រោគកុមារ នៃមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្តសរុបចំនួន២០រូប៕

អត្ថបទដែលជាប់ទាក់ទង