សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សំណុំរឿង ឡេង ចាន់ណា និងឧកញ៉ា ជា សារ៉ន គឺត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងត្រូវបានបង្កក ទ្រព្យសម្បត្ដិជាមួយអ្នកពាក់ព័ន្ធបន្ដទៀត

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សំណុំរឿង ឡេង ចាន់ណា និងឧកញ៉ា ជា សារ៉ន គឺត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងត្រូវបានបង្កក ទ្រព្យសម្បត្ដិជាមួយអ្នកពាក់ព័ន្ធបន្ដទៀត ។
ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ដវិធានការច្បាប់ លើគម្រោងចំនួន២ គឺអតីតក្រុមលោកស្រី ឡេង ចាន់ណា ដោយនៅខាងសៀមរាប ឃាត់ខ្លួនបាន២០នាក់ និងស្រាវជ្រាវបន្ថែម ហើយចេញគោលការណ៍ បង្កកទ្រព្យសម្បត្ដិបន្ថែម ចំពោះអ្នកពាក់ព័ន្ធមួយចំនួន ។ ចំណែកខាងឧកញ៉ា ជា សារ៉ន ក៏ដូចគ្នា បានបង្កក ១០៦គណនីធានាគារ និងបង្កកក្បាលដី ចំនួន២,០១២ក្បាលដីរបស់អ្នកពាក់ព័ន្ធ ហើយតុលាការ កំពុងស្វែងរកប្រមូលទ្រព្យសម្បត្ដិបន្ថែមទៀត ។
សម្ដេចបវរធិបតី បានបញ្ជាក់ថា សំណុំរឿង ឡេង ចាន់ណា និងឧកញ៉ា ជា សារ៉ន មានភាពស្ងាត់នេះ មិនមែនមិនធ្វើនោះទេ ដោយប្រមូលទ្រព្យ បានរួចរាល់នេះ នឹងចាប់ផ្ដើមដោះស្រាយ ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើសន្និសិទការសែត រហូតនោះដែរ ដែលនាំឱ្យមានការផ្អើលដល់អ្នកដទៃ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏មិនមានសិទ្ធិបញ្ជាទៅតុលាការនោះដែរ ។
សម្ដេចបវរធិបតី បន្ថែមថា ក្នុងរយៈពេល ១៥ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានធ្វើការច្រើន លើការដោះស្រាយបញ្ហាដីធ្លីនេះ ហើយករណីបញ្ហាដីធ្លីនេះ គឺជាបញ្ហាក្ដៅ ដែលទាមទារឱ្យមានការដោះស្រាយ ដោយមានការប្រុងប្រយ័ត្នបំផុត ។
ជាមួយគ្នានោះដែរ សម្ដេចធិបតី បញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី គឺត្រូវអនុវត្តតាមវិធីសាស្ដ្រចំនួនពីរ គឺទីមួយ ត្រូវដោះបញ្ហាចំពោះមុខ ទីពីរដោះស្រាយ ដោយត្រូវកំណត់យុទ្ធសាស្ដ្រដោះបញ្ហារយៈពេលវែង ដើម្បីឈានទៅដោះស្រាយឱ្យទទួលបានជោគជ័យ ខណៈមកដល់បច្ចុប្បន្ន កំពុងមានវិវាទដីធ្លី នេះជាង ១ពាន់ករណី ។
សម្តេចបវរធិបតី បានអំពាវនាវដល់ពលរដ្ឋ ឱ្យជឿទុកចិត្ដមកលើរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាល មិនបានទុកចោលអំពីការលំបាករបស់ពលរដ្ឋនោះទេ ។
បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ចំពោះបញ្ហាវិវាទ រវាងបុរី និងអតិថិជន ក្រសួងបាននឹងកំពុងរកដំណោះស្រាយសមស្របចំពោះគម្រោង អភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩គម្រោង នៅទូទាំងប្រទេស រួមមាន បុរី ចំនួន ២៧ ស្មើនឹង ៧៧គម្រោង, ផ្សារ និងខុនដូ ចំនួន ៤គម្រោង និងដីឡូតិ៍ចំនួន ១៨គម្រោង ក្នុងនោះ ដោះស្រាយបាន៥៣ គម្រោង នៅសល់ចំនួន ៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង