សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ផ្ទះក្រោមតម្លៃ ៧ម៉ឺនដុល្លារ នៅក្នុងបុរី គឺរួចពន្ធប្រថាប់ត្រា

ភ្នំពេញ ៖ ដើម្បីជួយដោះស្រាយបញ្ហាវិស័យអចលទ្រព្យ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋទិញផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា រហូតដល់ឆ្នាំ២០២៥ ខាងមុខនេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការដោះស្រាយបញ្ហាបុរី គឺរដ្ឋាភិបាល ប្រើនីតិវិធីប្រកបដោយភាពបត់បែន ទន់ភ្លន់ និងយោគយល់គ្នា ។
សម្ដេចបវរធិបតី មានប្រសាសន៍ថា «អ្នកទិញ (ទិញផ្ទះ) ក្រោម ៧ម៉ឺនដុល្លារ ធ្វើការ ប្រកាសពន្ធ ប្រថាប់ត្រា រហូតដល់ចុងឆ្នាំ២០២៥ ចឹងសូមទៅប្រកាសទៅ ក្រោម ៧ម៉ឺនដុល្លារ រួចពន្ធប្រថាប់ត្រា» ។
ជាមួយគ្នានោះដែរ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ដថា ចំពោះប្រជាពលរដ្ឋទិញផ្ទះពីបុរី មិនទាន់ចុះបញ្ជី គឺអនុញ្ញាតឱ្យធ្វើប្លង់ជាមួយក្រសួង ហើយតម្លៃក្រោម ៧ម៉ឺនដុល្លារ ក៏អនុគ្រោះពន្ធប្រថាប់ត្រា រហូតដល់ឆ្នាំ ២០២៥ដែរ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ៖ «ចំពោះបុរី មិនមានអាជ្ញាប័ណ្ណ ប៉ុន្ដែក្ស័យធន ចំពោះប្រជាពលរដ្ឋ ដែលបានទិញផ្ទះ មានសំបុត្រស្នាមច្បាស់លាស់ ហើយពីបុរី ដែលបានក្ស័យធនហើយ ទៅក្រសួងហើយ ក្រសួងចុះបញ្ជីចេញប្លង់ឲ្យគាត់ទៅ ក្រោម ៧ម៉ឺនដុល្លារ រួចពន្ធប្រថាប់ត្រាសដូចគ្នា» ៕

អត្ថបទដែលជាប់ទាក់ទង