រឿងមួយនាំឱ្យផ្ទុះកក្រើកពាសពេញបណ្តាញសង្គម ដោយពោលពាក្យថា អ្នកមានធ្វើអីក៏សម បន្ទាប់ពីពួកគេបានចំណាយប្រាក់រាប់សិបម៉ឺនដុល្លារ

បរទេស ៖ ក្រុមគ្រួសារអ្នកមានស្តុកស្តម «Polara Family » ដែលជាម្ចាស់អាជីវកម្មសំណង់ដ៏ធំប្រចាំទីក្រុង Surat រដ្ឋគូចារ៉ាត(Gujarat) ប្រទេសឥណ្ឌា បានធ្វើរឿងមួយនាំឱ្យផ្ទុះកក្រើកពាសពេញបណ្តាញសង្គម ដោយពោលពាក្យថា អ្នកមានធ្វើអីក៏សម បន្ទាប់ពីពួកគេបានចំណាយប្រាក់រាប់សិបម៉ឺនដុល្លារ ដើម្បីរៀបចំបុណ្យ និងបញ្ចុះស.ពរថយន្តសំណព្វចិត្តមួយគ្រឿង ដែលត្រូវបានប្រើប្រាស់ដោយគ្រួសារមួយនេះ អស់រយៈពេល១៨ឆ្នាំមកហើយ ។
មានអ្នកភូមិជាង១៥០០នាក់ ត្រូវបានក្រុមគ្រួសារ Polara អញ្ជើញអោយចូលរួមក្នុងពិធីបុណ្យដ៏អធិកអធមនេះដែលវាត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏ប្លែកអស្ចារ្យ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងសមាជិគ្រួសារជាមួយរថយន្តចំណាស់មួយគ្រឿងនោះ ដែលបានដើរតួយ៉ាងសំខាន់ក្នុងជីវិតរបស់ពួកគេ ។
លោក Sanchai Polara បានប្រាប់សារព័ត៌មានឥណ្ឌាថា ទោះបីជាបច្ចុប្បន្ននេះ គ្រួសារគាត់មានរថយន្តទំនើបៗជាច្រើនគ្រឿងក្តី ប៉ុន្តែគាត់ជឿជាក់ថា រថយន្ត Maruti Suzuki WagonR មួយគ្រឿងនេះមិនត្រឹមតែជារថយន្តធម្មតានោះទេ តែគឺជា «រថយន្តនាំសំណាង» ដែលដើរតួយ៉ាងសំខាន់ក្នុងការនាំយកទ្រព្យសម្បត្តិមហាសាល និងជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់គ្រួសារ Polara ដូច្នេះហើយជំនួសឱ្យការលក់វាពួកយើងចង់ធ្វើរឿងពិសេសសម្រាប់វា ដើម្បីបង្ហាញពីការដឹងគុណដោយរៀបចំកន្លែងសម្រាកចុងក្រោយអោយវា និងរៀបចំពិធីលាគ្នាជាចុងក្រោយប្រកបដោយកិត្តិយសជាមួយនឹងការចងចាំដែលនឹងស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយ ។
តាមរយៈរូបភាព និងវីដេអូដែលចែកចាយដោយបណ្តាញសារព័ត៌មានឥណ្ឌា បង្ហាញថា ពិធីនោះត្រូវបានប្រារព្ធធ្វើនៅកសិដ្ឋានរបស់គ្រួសារ Polara ក្នុងទីក្រុង Amreli ដោយគេបានជីករណ្តៅជម្រៅ១៥ហ្វីត និងទំហំ៤ម៉ែត្រកន្លះ ហើយគេក៏បើកឡាននោះចុះទៅក្នុងរណ្តៅដោយប្រុងប្រយ័ត្ន អមជាមួយបទភ្លេង និងពិធីសូត្រធម៌ទៅតាមប្រពៃណីសាសនាឥណ្ឌា ។
នៅលើដំបូលឡាន គេឃើញសុទ្ធតែផ្កាពណ៌ផ្កាឈូក និងតុបតែងព្យួរដោយកម្រងផ្កាចម្រុះពណ៌ព័ទ្ធជុំវិញ ។ បន្ទាប់មក សមាជិកគ្រួសារ Polara បានគ្របក្រណាត់ពណ៌បៃតងទៅលើឡាននោះមុននឹងអនុញ្ញាតអោយអេស្កាវាទ័រកាយដីលុបកប់រណ្តៅនោះ ។
គ្រាន់តែការតុបតែងនោះ គ្រួសារនេះចំណាយប្រាក់ជិត៥ពាន់ដុល្លារ ។ គួរកត់សម្គាល់ថា មុនពេលរៀបចំពិធីបុណ្យស.ព និងបញ្ចុះរថយន្តសំណព្វចិត្តនេះ លោក Sanjay Polara បានផ្ញើលិខិតអញ្ជើញចំនួនបួនទំព័រទៅកាន់មនុស្សជិត ២០០០នាក់ នៅក្នុងភូមិរបស់គាត់អោយចូលរួមដោយក្នុងលិខិតអញ្ជើញនោះបានសរសេរថា «រថយន្តនេះមានលក្ខណៈដូចសមាជិកគ្រួសារតាំងពីឆ្នាំ២០០៦ ហើយបាននាំសំណាងដល់យើង ។ យើងទទួលបានភាពចម្រុងចម្រើន ហើយកេរ្តិ៍ឈ្មោះរបស់យើងនៅក្នុងសហគមន៍បានកើនឡើង ។ យើងចង់រក្សារថយន្តនេះឱ្យនៅគង់វង្ស ក្នុងការចងចាំរបស់យើងជារៀងរហូត ដែលជាហេតុផលដែលយើងរៀបចំពិធីបុណ្យស.ព និងបញ្ចុះរថយន្តទៅតាមប្រពៃណី» ។
ពិធីបុណ្យស.ព និងបញ្ចុះរថយន្តនេះបានជំរុញឲ្យមានការបញ្ចេញមតិគួរឲ្យចាប់អារម្មណ៍លើបណ្ដាញសង្គម ដោយមនុស្សមួយចំនួនចាត់ទុកទង្វើនេះថាហួសហេតុ ឬខុសពីធម្មតា អ្នកខ្លះថា បើឈប់ប្រើតែមិនចង់លក់ គួរតែបរិច្ចាគ ឬកែច្នៃធ្វើអ្វីមួយប្រសើរជាង ។ អ្នកខ្លះទៀតក៏បានញ្ចេញមតិបែបលេងសើចថា «អ្នកស្រាវជ្រាវបុរាណវត្ថុនាពេលអនាគត នឹងរកឃើញរថយន្តWagon R នេះនៅឆ្នាំ៣០២៤» ហើយ «មនុស្សនាពេលអនាគតនឹងភ្ញាក់ផ្អើលនៅពេលឃើញរឿងនេះ» ។
គួររំលឹកថា រថយន្តម៉ាក់ Maruti Suzuki WagonR មានជាប់ពាក់ព័ន្ធទៅនឹងកំណត់ត្រាជាច្រើននៅក្នុងប្រវត្តិសាស្ត្ររថយន្តឥណ្ឌា ដោយកាលពីឆ្នាំ១៩៩៩ វាបានក្លាយជារថយន្ត hatchback ដែលលក់ដាច់យ៉ាងរហ័សបំផុតនៅក្នុងប្រទេសឥណ្ឌា ដោយសារតែគុណភាព និងតម្លៃសមរម្យ ដោយលក់បានជាង ៣២លានគ្រឿងឯណោះ ៕

អត្ថបទដែលជាប់ទាក់ទង