ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី ទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមកក្រោមឱវាទ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាលើទិសដៅ និងផែនការសកម្មភាពបន្តរបស់នាយកដ្ឋានក្រោមឱវាទ ដើម្បីត្រៀមខ្លួនអនុវត្តយុទ្ធសាស្ត្រកែទម្រង់គ្រូបង្រៀន។ គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ជាអ្នកធានាឱ្យបាននូវគុណភាពអប់រំ និងជាអ្នកតម្រង់ទិសកុមារ និងយុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋពេញលេញមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសឱ្យឈានទៅកាន់ប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចតុកោណ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះ ចាប់ពីឆ្នាំ២០១៤ មក ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យកកំណែទម្រង់សាលាគរុកោសល្យជាអាទិភាពមួយរបស់ក្រសួង ដោយផ្តោតសំខាន់ទៅលើ ១) ការរៀបចំចក្ខុវិស័យថ្មីសម្រាប់វិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា ២) ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ៣) ការដំឡើងបៀវត្សរ៍ និងការបង្កើនគុណវុឌ្ឍិ
គ្រូបង្រៀន (៤) ការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ កំណែទម្រង់ទាំងនេះត្រូវបានធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពនៃវិធីសាស្ត្របង្រៀន និងរៀន សំដៅឈានទៅបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅកម្រិតមូលដ្ឋានដើម្បីឱ្យពួកគាត់មានមូលដ្ឋានចំណេះដឹងសម្រាប់បន្តការសិក្សាទៅភូមិសិក្សាបន្ទាប់ ឬចាប់យកជំនាញវិជ្ជាជីវៈ។ បន្ថែមពីនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់សាលាគរុកោសល្យ ដូចជា៖ ១) បង្កើនគុណវុឌ្ឍិគ្រូ កែលម្អកម្មវិធីបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀន ២) លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ គ្រូឧទ្ទេស ៣) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៤) លើកកម្ពស់ភាពជាអ្នកដឹកនាំគ្រប់គ្រង ៥) ផ្សារភ្ជាប់ទ្រឹស្តីទៅនឹង ការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ ៦) ការធានាគុណភាពអប់រំ។
នាឱកាសនេះដែរ ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរផ្អែកលើធនធានដែលមានស្រាប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជូនក្រុមការងារដើម្បីអនុវត្តបន្ត ដូចជា ៖ (១) សូមបន្តកំណត់អាទិភាពការងារដោយផ្តោតលើបញ្ហាចំពោះមុខ និងយកចិត្តទុកដាក់គាំទ្រលើកន្លែងដែលមានតម្រូវការត្រូវបំពេញបន្ថែម ហើយត្រូវមានប្រព័ន្ធផែនការចុះជួយគាំទ្រទាំងផ្នែករឹង និងផ្នែកទន់ (២) មានការវាយតម្លៃលទ្ធផលទាំងកម្មវិធីសិក្សា និងការរៀន ដើម្បីទៅជួយគាំទ្រឱ្យចំគោលដៅ និងផ្តោតអាទិភាពផ្សារភ្ជាប់ជាមួយសាលារៀនគំរូ និងស្តង់ដាវិជ្ជាជីវៈ(៣) មានការលើកទឹកចិត្តគ្រូឧទ្ទេស ផ្តល់ជាឋានៈ ក្របខណ្ឌ ទទួលស្គាល់ជាទីប្រឹក្សា ឬ គ្រូណែនាំ (Mentor) (៤) សូមយកចិត្តទុកដាក់ជួយគាំទ្រវាយតម្លៃ សាលាគរុកោសល្យគំរូ និងសាលាអនុវត្តគំរូ ហើយយកទៅសិក្សាវិនិច្ឆ័យ វិភាគ គាំទ្រដល់សាលាផ្សេងទៀត ដើម្បីរៀបចំផែនការដោះស្រាយបញ្ហា (៥) សូមរៀបចំជាផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់ស្តែង ផ្តោតលើសកម្មភាពអាទិភាព និងការចុះទៅជួយគាំទ្រ វាយតម្លៃ ពង្រឹងបន្ថែមទាំងផ្នែករឹង ផ្នែកទន់ និងការគាំទ្រកែលម្អ។
គួររម្លឹកដែរថា ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូឧទ្ទេសនៃ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការយកចិត្តទុកដាក់លើ គ្រូបង្រៀនដោយបានផ្តល់អនុសាសន៍ចំនួន ៥ ចំណុច គឺ៖ ១). បន្តកែទម្រង់សាលាគរុកោសល្យ ដោយត្រូវបង្កើនគុណវុឌ្ឍគ្រូបង្រៀនចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន កែលម្អការបណ្តុះបណ្តាលគ្រូដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» «ស្តង់ដាសាលាគរុកោសល្យគំរូ» និងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ២). យកចិត្តទុកដាក់ដល់ការអនុវត្តវិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្ត្រវាយតម្លៃថ្មី ដែលអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ៣). លើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ៤). លើកទឹកចិត្តដល់គរុនិស្សិតជ័យលាភីឱ្យបន្តការអភិវឌ្ឍចំណេះដឹង និងវិជ្ជាជីវៈជាប្រចាំ តាមរយៈការស្រាវជ្រាវ ការសិក្សាបន្ថែម ការអភិវឌ្ឍជំនាញបច្ចេកវិទ្យា និងបំណិនឌីជីថល និង ៥). លើកទឹកចិត្តគរុសិស្ស គរុនិស្សិតឱ្យខិតខំស្វែងយល់បន្ថែមនូវជំនាញ និងបច្ចេកទេសគរុកោសល្យថ្មីៗ ដើម្បីក្លាយខ្លួនជាអ្នកអប់រំដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជាស្របតាមបរិបទរបស់សង្គម៕