កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប

ភ្នំពេញ៖ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានប្រឆាំងភេរវកម្ម ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌនៅខេត្តសៀមរាប ដោយការរួមពីឯកឧត្តម Lgor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញជាតិ អន្តរជាតិមកពីបណ្តាប្រទេសចំនួន១០ នៅក្នុងតំបន់ស៊ី ព្រមទាំងតំណាងសហភាពអឺរ៉ុប (EU) និងស្ថាប័ននគរបាលអន្តរជាតិជាច្រើនរូប។
សន្និសិទនេះដែរ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងការចែករំលែកចំណេះដឹង ក្នុងការតាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បីការពារសម្បត្តិវប្បធម៌។ នេះគឺជាព្រឹត្តការណ៍សកលលើកទី៣ ដែលត្រូវបានរៀបចំឡើងដោយ EU Global Facility ក្រោមកិច្ចសហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) និងអង្គការស៊ើបការណ៍ រៀបហិរញ្ញវត្ថុកម្ពុជា (CAF) បន្ទាប់ពីលើកទី១ រៀបចំនៅប្រទេសអេហ្ស៊ីប និងលើកទី២ នៅប្រទេសម៉ិកស៊ិក។
ថ្លែងបើកអង្គសន្និសីទ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណ EU Global Facility និងក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់(APG) ដែលបានផ្តល់ទំនុកចិត្តដល់ប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសិក្ខាកាមទាំងអស់មក កាន់ខេត្តសៀមរាប។
លោកជំទាវមានប្រសាសន៍ថា សន្និសីទថ្នាក់តំបន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អ្នកចូលរួមផ្លាស់ប្តូរព័ត៌មាន និងចែករំលែកឧត្តមានុវត្តក្នុងការប្រឆាំងសកម្មភាពខុសច្បាប់នៅក្នុងទីផ្សារ ជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិភណ្ឌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នខាងពាក់ព័ន្ធផងដែរ៕

អត្ថបទដែលជាប់ទាក់ទង