ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ស្ថិតនៅភាគខាងកើតទីក្រុងសាយ៉ាប៊ូរី ប្រទេសឡាវ
ក្នុងឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គតំណាងប្រទេសកម្ពុជា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ដែលស្ថិតនៅភាគខាងកើតទីក្រុងសាយ៉ាប៊ូរី ប្រទេសឡាវ។
សូមជម្រាបថា ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីគឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើននៃទំនប់វារីអគ្គិសនីបណ្តាក់ ស្ថិតនៅលើទន្លេមេនៃទន្លេមេគង្គក្នុងតំបន់ខ្សែទឹកភាគខាងលើនៃរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ ទំនប់វារីអគ្គិសនីនេះមានតួទំនប់ប្រវែង ៨១០ម៉ែត្រ កម្ពស់ ៣២ម៉ែត្រ មានសមត្ថភាពផលិតថាមពលអគ្គិសនីក្នុងចន្លោះពី ៥ ១៣៩ ទៅ ៦ ០៣៥ GWH ក្នុងមួយឆ្នាំ ហើយភាគច្រើននៃថាមពលដែលផលិតបាន គឺទិញដោយក្រុមហ៊ុន EGAT នៃប្រទេសថៃ។
សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីនេះ មានទីតាំងស្ថិតនៅក្នុងទឹកដីនៃប្រទេសឡាវ មានចម្ងាយប្រហែល ១៥០គីឡូម៉ែត្រនៅខ្សែទឹកភាគខាងក្រោមនៃទីក្រុងហ្លួងប្រាបាង មានចម្ងាយប្រហែល ១៩៣០គីឡូម៉ែត្រពីតំបន់ដីសណ្តក្នុងប្រទេសវៀតណាម មានចម្ងាយប្រហែល ៣៦៥គីឡូម៉ែត្រភាគខាងត្បូងនៃព្រំដែនឡាវ-ថៃ (ខេត្តឈៀងរ៉ៃ) ចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនឡាវ-ថៃ (ខេត្ត Loei) និងមានចម្ងាយប្រហែល ១២៤២គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ៕