ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តបន្ត

(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយ នាយរង ការិយាល័យ ផ្នែកចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើនរូប បានចូលរួមផងដែរ។

លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលអង្គភាពអនុវត្តបានសម្រេចតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន និងបានវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ដែលកើតមានឡើង ព្រមទាំងដាក់ចេញនូវសេចក្តីព្រាងទិសដៅមួយចំនួន ដែលត្រូវអនុវត្តបន្តផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងបានកោតសរសើរដល់កងកម្លាំងអន្តរទាំងអស់ ដែលបានសហការណ៍ល្អក្នុងករអនុវត្តន៍ភារកិច្ចការពារ ទប់ស្កាត់ និងបង្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានធ្វើការត្រៀមបម្រុងកម្លាំង គ្រឿងបំពាក់ មធ្យោបាយ និងកិច្ចការធានាគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម ថែរក្សាសុខសន្តិភាព ជូនប្រជាជន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍÷ទី១.កងកម្លាំងទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ដោយត្រូវគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ ។ ដាច់ខាតមិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងនៅលើទឹកដីកម្ពុជា ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។ ទី២.ការត្រៀមចូលរួមមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ទី៣.ត្រៀមការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមសមាគមអតីតយុទ្ធជនឡាវ និងប្រតិភូ សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់កណ្តាល ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ។ ទី៤.ត្រួតពិនិត្យ និងជម្រុញសកម្មភាពការងារការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។ និងទី៥.បន្តអប់រំរៀនសូត្រ ពង្រឹងវិន័យ របស់កងទ័ព ស្របតាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់នៃកងយោធពលខេមរភូមិន្ទ និងបន្តចូលរួមសហប្រតិបត្តិការ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដេីម្បីរួមចំណែកការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមនៅទូទាំងខេត្តកំពង់ធំ ឲ្យបានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង