លោក សែម សំណាង អញ្ជើញអមដំណើរគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យទីតាំង និងស្ថានភាពគម្រោងស្តារឡើងវិញ និងគ្រប់គ្រងស្ទឹងស្វាយចេក ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សែម សំណាង ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញអមដំណើរ លោក ប៊ុត សង្វារ អគ្គនាយករងនៃអគ្គនាយដ្ឋានដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ចុះពិនិត្យទីតាំង និងស្ថានភាពគម្រោងស្តារឡើងវិញ និងគ្រប់គ្រងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា បេសកកម្មចុះពិនិត្យទីតាំងគម្រោងនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងតំណាងទីប្រឹក្សាបច្ចេកទេសជាតិ ជាច្រើននាក់ផងដែរ។
ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ លោក សែម សំណាង បានបញ្ជាក់ឱ្យដឹងថា គម្រោងស្តារឡើងវិញ និងគ្រប់គ្រងស្ទឹងស្វាយចេកបានធ្វើការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេលពីរឆ្នាំ។ គម្រោងនេះទទួលហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ហើយគ្រោងនឹងចុះហត្ថលេខាហិរញ្ញប្បទានសម្បទាន ជាមួយភាគីបារាំងនៅឆ្នាំ២០២៥ ខាងមុខនេះ។ ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានបញ្ជាក់បន្ថែមថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅជនបទក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសឱ្យមានជីវភាពកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង