ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌”

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សហប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងជាសហប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌” នៅសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃកន្លះ ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលានេះ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃអង្គភាពអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌ មានជាអាទិ៍ ក្រសួងយុត្តិធម៌, តុលាការកំពូល, អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, សាលាឧទ្ធរណ៍តំបន់ទាំង៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌, សាលាដំបូងរាជធានី-ខេត្តទាំង២៥ និងអង្គភាពស្នូលក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីតំណាងការដ្ឋាននៃការកែទម្រង់វិស័យផ្សេងទៀតផងដែរ។
សិក្ខាសាលានេះ គឺជាសិក្ខាសាលាអន្តរការដ្ឋានកែទម្រង់លើកទីមួយ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីកំណត់ជាបង្គោលចរដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គាំទ្រដល់វិស័យយុត្តិធម៌ និងពិភាក្សាលើកិច្ចការកែទម្រង់គាំទ្រគ្នាទៅវិញទៅមក ដែលជាការដកពិសោធន៍សាកល្បងដ៏សំខាន់មួយ សម្រាប់សុខដុមនីយកម្ម និងភាពប្រទាក់ក្រឡាគ្នានៃការងារអន្តរកែទម្រង់របស់រាជរដ្ឋាភិបាល គឺរវាងការដា្ឋនកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការដ្ឋានកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលចូលរួមវិភាគទានលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង