សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ សម្ដេច បានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច បានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិនៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាបផងដែរ។ ជាមួយគ្នានេះ បន្ទាប់ពីបានទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបេីកបរកាណូត និងអុំទូកបម្រេីសេវាជូនអ្នកទេសចរ សម្ដេចធិបតី ទទួលបាននូវសំណូមពរមួយចំនួន ហេីយសម្រេចផ្តល់ជាដំណោះស្រាយជូនដូចខាងក្រោម ៖
១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរ និងកាត់បន្ថយការហុយ។
២. កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន។
៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។
បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏សូមកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពុងភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដេីម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ ជាពិសេសក៏រួមចំណែកក្នុងការលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង