សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ដែលបានផ្ញើលិខិតជូនពរ និងអបអរសាទរជូនសម្តេច ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ លោក Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ដែលបានផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេច នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទាំងស្រុងដូច្នេះថា ៖
«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះសារលិខិតអបអរសាទររបស់ ឯកឧត្តម ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំមានមនោសញ្ចេតនាដូច ឯកឧត្តម អំពីការតស៊ូនិងការបូជាលះបង់របស់ប្រទេសទាំងពីរដើម្បីសម្រេចបាននូវឯករាជ្យភាព និងអធិបតេយ្យភាព។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងប៉ាគីស្ថាន ត្រូវបានពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅគួរឱ្យកត់សម្គាល់។ ខ្ញុំត្រៀមខ្លួនជានិច្ចធ្វើការយ៉ាងជិតស្និទ្ធ និងស្វែងរកកាលានុវត្តភាពថ្មីៗជាមួយ ឯកឧត្តម និងព្រឹទ្ធសភាប៉ាគីស្ថាន សំដៅបន្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់យើង ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។
សូម ឯកឧត្តម ទទួលយកនូវការគោរពរាប់អានសាជាថ្មីពីខ្ញុំ និងសព្ទសាធុការពរជ័យមហា ប្រសើរជូន ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យត្រចះត្រចង់គ្រប់ ភារកិច្ច និងជូនជនរួមជាតិ ឯកឧត្តមជូន សូមប្រកបដោយសុភមង្គល និងវិបុលភាព»៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទដែលជាប់ទាក់ទង