ឧបទ្ទវហេតុមួយនៅចំណុចវារីអគ្គិសនីក្រុមហ៊ុនចិន ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាករណីបំផ្ទុះគីប TNT ដើម្បីឃួងថ្មភ្លាត់ស្នៀត បណ្តាលឲ្យកម្មករម្នាក់វៀតណាមម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ង..ន់
ខេត្តកោះកុង ៖ កាលពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ មានឧបទ្ទវហេតុមួយនៅចំណុចវារីអគ្គិសនីក្រុមហ៊ុនចិន ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាករណីបំផ្ទុះគីប TNT ដើម្បីឃួងថ្មភ្លាត់ស្នៀត បណ្តាលឲ្យកម្មករម្នាក់វៀតណាមម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យ ។
ជនរងគ្រោះម្នាក់ ឈ្មោះ វី វ៉ាន់វ៉េត ភេទប្រុស អាយុ៤៤ ឆ្នាំ (ស្លាប់) និងម្នាក់ឈ្មោះ លឿង វ៉ាន់ធាតុ ភេទប្រុស អាយុ៣៩ ឆ្នាំ (របួស) ពួកគាត់ជាជនជាតិវៀតណាម មានមុខរបរ ជាកម្មករ ស្នាក់នៅក្រុមហ៊ុនចិន ។
ជនរងគ្រោះទាំងពីរនាក់ បានចូលធ្វើការងារឃួងថ្មដូចរាល់ថ្ងៃ នៅការដ្ឋានវារីអគ្គិសនីទី២របស់ក្រុមហ៊ុនចិន ហើយក៏ត្រូវគីបTNTផ្ទុះដើម្បីឃួងថ្ម បណ្តាលរបួសធ្ងន់ទាំងពីរនាក់ ។ ពេលឃើញដូច្នោះ កម្មករផ្សេងទៀត និងមេការនៅធ្វើការទីនោះ បាននាំគ្នាម្នីម្នាដឹកជនរង គ្រោះ ទៅព្យាបាលនៅមណ្ឌលសុខភាពថ្មដាស្រុកវាលវែង ខេត្តពោធិសាត់ ប៉ុន្តែជាអកុសលឈាមហូរច្រើនពេក បណ្តាលឲ្យកម្មករម្នាក់ឈ្មោះ វី វ៉ាន់វ៉េត បានស្លាប់បាត់បង់ជីវិតតាមផ្លូវនៅពេលកំពុងដឹកទៅកាន់មន្ទីរពេទ្យ ។
ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង បានដឹក នាំបញ្ជាកម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់គ្រូពេទ្យខេត្ត ដោយមានការចូលរួមពីសំណាក់នគរបាលស្រុកមណ្ឌលសីមា និងមេប៉ុស្តិ៍រដ្ឋបាលថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើសាកសព លទ្ធផលគឺជាករណីឧបទ្ទវហេតុផ្ទុះគីបTNTឃួងថ្ម បណ្តាលឲ្យស្លាប់និងរបួសកម្មករ២នាក់ប្រាកដមែន ។
បន្ទាប់ពីពិនិត្យរួច សាកសពឈ្មោះ វី វ៉ាន់វ៉េត ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនរងគ្រោះឈ្មោះ លឿង វ៉ាន់ធាតុ ក៏ត្រូវបានសមត្តកិច្ចសហការជាមួយក្រុមហ៊ុន ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ រាជធានីភ្នំពេញផងដែរ ៕