អភិបាលខេត្តកណ្តាល ស្នើគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ឱ្យបានសកម្មជាទីបំផុត

ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” នៅបរិវេណវត្តកំពង់ភ្នំក្នុង ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការសាខា គណៈកិត្តិយសសាខា លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកឧកញ៉ា លោកជំទាវ លោក លោកស្រីជាសប្បុរសជន អាជ្ញាធរដែនដី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនអ្នកផ្ទុកមេរោគអេដស៍ដែលមកពីឃំុទាំង៧ទទាំងស្រុកលើកដែក ចំនួន ១១៩នាក់ ស្រី ៧៥នាក់ ជារួមសមាសភាពដែលបានអញ្ញើញចូលរួមក្នុងទិវានេះសរុបចំនួន ២៨៩នាក់។
បន្ទាប់ពីអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទគ្រហមកម្ពុជាជូនអង្គពិធីរួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថា៖ វេទិកានាឱកាសនេះបង្កលក្ខណៈឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ រួមទាំងសប្បុរសជនផង បានមកជួបជុំជាមួយប្រជាពលរដ្ឋរបស់យើង ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ និងកំពុងប្រឈមនឹងជីវភាពខ្វះខាតខ្លាំង។
មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្ដីនឹករលឹក។ ជាមួយគ្នានេះផងដែរ សម្តេចទាំងពីរក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ឱ្យចូលរួមធ្វើសកម្មភាពនានាជាមួយរាជរដ្ឋាភិបាល ពិសេសកាកបាទក្រហមកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឈានឆ្ពោះទៅបញ្ចប់អេដស៍នៅពេលដ៏ឆាប់ខាងមុខ។
ឯកឧត្ដមបន្តថា ទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅបញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។
ដើម្បីសម្រេចបាននូវការបញ្ចប់អេដស៍ ដែលកំពុងបន្តការគំរាមកំហែងដល់សុខភាពសាធារណៈ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលឱ្យបានសកម្មជាទីបំផុត។
នៅក្នុងទិវានេះផងដែរសាខា បានឧបត្ថម្ភអំណោយជូនបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំង ១១៩នាក់ ដោយក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,អាវរងា ១ ,សាប៊ូដុសខ្លួន ១ដុំ និងថវិកាចំនួន ៥ម៉ឺនរៀល។
សូមបញ្ជាក់ជូនថា មុនការរៀបចំប្រារព្ធទិវា គណៈអធិបតី និងភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមប្រគេនទេយ្យវត្ថុនិងបច្ច័យចំពោះព្រះអនុគណស្រុកលើកដែក រួមមាន អង្ករ ៥០០គីឡូក្រាម ,មី ៥កេស ,ទឹកសុទ្ធ ១០កេស ,ទឹកក្រូច ១០កេស ,ទឹកដោះគោ ២កេស និងបច្ច័យចំនួន ២លានរៀល៕

អត្ថបទដែលជាប់ទាក់ទង