សេតវិមានបញ្ជាក់ថា អាមេរិកគ្មានផែនការផ្តល់អាវុធនុយក្លេអ៊ែរ ឱ្យទៅអ៊ុយក្រែនទេ
(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូថា សហរដ្ឋអាមេរិក មិនបានពិចារណាប្រគល់អាវុធនុយក្លេអ៊ែរ ដែលអ៊ុយក្រែនបានបោះបង់ ក្រោយការដួលរលំនៃសហភាពសូវៀត ត្រឡប់ទៅវិញឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Sullivan បានចេញមុខបញ្ជាក់ដូចខាងលើ នៅពេលត្រូវបានសាកសួរអំពី សេចក្តីរាយការណ៍មួយ កាលពីខែវិច្ឆិកា របស់កាសែតអាមេរិក New York Times ដែលបានអះអាងថា ក្រុមមន្រ្តីលោកខាងលិចមួយចំនួន បានលើកជាយោបល់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចនឹងផ្តល់អាវុធនុយក្លេអ៊ែរឱ្យអ៊ុយក្រែន មុនពេលចាកចេញពីតំណែង នៅខែមករា ឆ្នាំក្រោយ។
លោក Sullivan បានប្រាប់សារព័ត៌មានអាមេរិក ABC ដូច្នេះថា «វាមិនស្ថិតក្រោមការពិចារណាឡើយ គឺអត់មានទេ។ អ្វីដែលយើងកំពុងតែធ្វើ គឺជួយបង្កើនការផ្តល់សព្វាវុធធម្មតាៗ ប៉ុន្តែចម្រុះប្រភេទឱ្យទៅអ៊ុយក្រែន ដើម្បីឱ្យពួកគេមានសមត្ថភាពការពារខ្លួន ប្រកបដោយប្រសិទ្ធភាព ហើយអាចតតាំងជាមួយរុស្ស៉ី ពោលគឺមិនមែនផ្តល់អាវុធនុយក្លេអ៊ែរ នោះទេ»។
កាលពីសប្តាហ៍មុន ទីក្រុងមូស្គូ បានថ្កោលទោសជាខ្លាំង ចំពោះគំនិតចង់ផ្តល់អាវុធនុយក្លេអ៊ែរបែបនោះ ហើយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា រុស្ស៉ីនឹងប្រើប្រាស់ អាវុធទាំងអស់ដែលខ្លួនមាន ប្រសិនបើអ៊ុយក្រែន ទទួលបានអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ទីក្រុងកៀវ ធ្លាប់កាន់កាប់អាវុធនុយក្លេអ៊ែរមួយចំនួនធំនៅក្នុងដៃ ក្រោយសហភាពសូវៀត ដួលរលំកាលពីឆ្នាំ១៩៩១ ប៉ុន្តែបានបោះបង់ចោលអាវុធទាំងនោះវិញ ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៤ ជាថ្នូរនឹងការធានាសន្តិសុខពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៉ី៕