យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី វាយប្រហារទីក្រុងអ៊ីដលីប ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគខាងជើងប្រទេសស៊ីរី

ដាម៉ាស៖ យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី បានវាយប្រហារទីក្រុងអ៊ីដលីប (Idlib) ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យទី១ ខែធ្នូ ខណៈប្រធានាធិបតីស៊ីរីលោក បាសារ អាល់អាសាដ (Bashar al-Assad) បានប្តេជ្ញាកម្ទេចក្រុមបះបោរដែលបានវាយលុកចូលទីក្រុងអាឡិបប៉ូ(Aleppo)។
ការវាយប្រហារដ៏សម្បើមនៅថ្ងៃទី២ នៃការវាយឆ្មក់តំបន់លំនៅដ្ឋាននៅកណ្តាលទីក្រុងអ៊ីដលីប ខណៈនេះជាទីក្រុងមានក្រុមឧទ្ទាមធំជាងគេក្បែរព្រំដែនប្រទេសតួកគី ដែលមានប្រជាជនប្រហែល៤លាននាក់រស់នៅក្នុងតង់ និងលំនៅដ្ឋានបណ្តោះអាសន្ន។ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស ទន្ទឹមនឹងកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរុស្ស៊ីបានអះអាងថា ពួកគេកំណត់គោលដៅលាក់ខ្លួនរបស់ក្រុមបះបោរ មិនវាយប្រហារជនស៊ីវិលទេ។
កាលពីថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរីបានទម្លាក់គ្រាប់បែកលើទីប្រជុំជនផ្សេងទៀតក្នុងខេត្តអ៊ីដលីប ដែលបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមទាំងស្រុង ខណៈកងទ័ពស៊ីរីបានកត់សម្គាល់ថា ទាហានរបស់ខ្លួនរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើទីក្រុងអាឡិបប៉ូ។ នៅទីក្រុងអាឡិបប៉ូ ផ្លូវភាគច្រើនស្ងាត់ជ្រងំ ហើយហាងជាច្រើនត្រូវបានបិទទ្វារកាលពីថ្ងៃអាទិត្យ ខណៈអ្នកស្រុកភ័យខ្លាចនៅផ្ទះ។ ទោះជាយ៉ាងនេះក្ដី ក្រុមឧទ្ទាមបានអះអាងកាលពីថ្ងៃអាទិត្យថា ពួកគេបានវាយរុលចូលបន្ថែមទៀតទៅភាគខាងត្បូងនៃទីក្រុងអាឡិបប៉ូ និងបានដណ្តើមយកទីក្រុងខាន់សឺ(Khansir) ក្នុងការប៉ុនប៉ងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់របស់កងទ័ពទៅកាន់ទីក្រុងអាឡិបប៉ូ។
ក្រុមបះបោរគឺជាក្រុមចម្រុះនៃក្រុមប្រដាប់អាវុធ រួមជាមួយនឹងក្រុម Hayat Tahrir al-Shamឬក្រុមជីហាត ដែលជាក្រុមអ៊ីស្លាមនិយមមានកម្លាំងយោធាដ៏ខ្លាំងក្លាបំផុត។ ក្រុមនេះត្រូវបានចាត់ទុកជាក្រុមភេរវករដោយសហរដ្ឋអាម៉េរិក រុស្ស៊ី តួកគី និងរដ្ឋផ្សេងៗទៀត។គួរជម្រាបថា សង្គ្រាមដែលបានសម្លាប់មនុស្សរាប់សែននាក់ និងជាច្រើនលាននាក់ភៀសខ្លួនបានចាប់ផ្តើមតាំងពីឆ្នាំ ២០១១ ដោយមិនទាន់បញ្ចប់ជាផ្លូវការ។ ប៉ុន្តែការប្រយុទ្ធដ៏សំខាន់ភាគច្រើនបានបញ្ឈប់កាលពីឆ្នាំមុន បន្ទាប់ពីអ៊ីរ៉ង់ និងរុស្ស៊ីបានជួយរដ្ឋាភិបាលរបស់លោក អាសាដ ឈ្នះការគ្រប់គ្រងលើទឹកដីភាគច្រើន និងទីក្រុងធំៗទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង