តម្លៃផ្ទះថ្មីនៅប្រទេសចិនកើនឡើងក្នុងកម្រិតលឿនជាងមុននៅខែវិច្ឆិកាឆ្នាំនេះ
(ប៉េកាំង)៖ ការស្ទង់មតិឯកជនមួយបានបង្ហាញកាលពីថ្ងៃអាទិត្យថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនជាងមុននៅក្នុងខែវិច្ឆិកា ដោយសារគោលនយោបាយជាច្រើនរបស់រដ្ឋាភិបាលអាចកំពុងជួយគាំទ្រងដល់ទីផ្សារអចលនទ្រព្យដែលកំពុងជួបវិបត្តិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy ថា តម្លៃផ្ទះជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០ បានកើនឡើង ០,៣៦ភាគរយធៀបនឹង ០,២៩ភាគរយកាលពីខែតុលា។
បើធៀបនឹងខែវិច្ឆិកាឆ្នាំមុនវិញ តម្លៃផ្ទះជាមធ្យមបានកើនឡើង ២,៤ភាគរយធៀបនឹងកំណើន ២,០៨ភាគរយនៅក្នុងខែតុលា។ ទិន្នន័យផ្លូវការសម្រាប់តម្លៃផ្ទះនឹងត្រូវបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិននៅថ្ងៃទី១៦ ខែធ្នូ។
ការធ្លាក់ចុះតម្លៃផ្ទះរយៈពេលវែងនៅក្នុងទីផ្សារអចលនទ្រព្យដែលមានទំហំស្មើនឹងប្រហែលមួយភាគបួននៃសកម្មភាពសេដ្ឋកិច្ចនៅពេលវិស័យនេះឈានដល់កម្រិតខ្លាំងបំផុតរបស់ខ្លួនក្នុងឆ្នាំ២០២១ នៅតែជាកត្តាអូសទាញទម្លាក់ដ៏សំខាន់ចំពោះសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ្នកបង្កើតគោលនយោបាយចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញអារម្មណ៍ទីផ្សារ បង្កើនលទ្ធភាពទិញផ្ទះ និងបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ រួមទាំងបន្ធូរបន្ថយពន្ធ និងការបង់រំលស់ក្នុងបរិមាណតិចជាងមុនផងដែរ។
ការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានបង្ហាញថា តម្លៃផ្ទះត្រូវបានរំពឹងថានឹងធ្លាក់ចុះក្នុងល្បឿនយឺតជាងមុននៅឆ្នាំនេះនិងឆ្នាំក្រោយ បន្ទាប់មកមានស្ថិរភាពវិញនៅឆ្នាំ២០២៦ នៅពេលដែលវិធានការគាំទ្រមួយចំនួនចាប់ផ្តើមទទួលបានផ្លែផ្កា។
លោក Ying Wang នាយកគ្រប់គ្រងផ្នែកវាយតម្លៃសាជីវកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Fitch បាននិយាយកាលពីពេលថ្មីៗនេះថា ចាប់តាំងពីមានការចាក់ចេញគោលនយោបាយអចលនទ្រព្យនៅចុងខែកញ្ញាមក ទីផ្សារលំនៅឋានថ្មី និងលំនៅឋានចាស់បានបង្ហាញភាពប្រសើរឡើងតិចតួច ប៉ុន្តែនិរន្តរភាពមានភាពមិនប្រាកដប្រជាខ្ពស់។
លោក Wang បានមានប្រសាសន៍ថា៖ «តម្លៃផ្ទះទំនងជាបន្តធ្លាក់ចុះរហូតដល់ប្រាក់ចំណូលសាជីវកម្មនៅក្នុងសេដ្ឋកិច្ចពិតមានភាពប្រសើរឡើង ដែលនឹងនាំទៅរកការបង្កើនការងារ និងចក្ខុវិស័យសម្រាប់ប្រាក់ចំណូលរបស់ពលរដ្ឋ»។ លោកបន្ថែមថា ក្រុមហ៊ុនរក្សាចក្ខុវិស័យឥណទានអវិជ្ជមានរបស់ខ្លួនចំពោះទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនរហូតដល់ឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕