សុំបូជាសពនៅក្នុងវត្ត ប៉ុន្តែភ្លាមៗនោះព្រះសង្ឃបដិសេធន៍មិនហ៊ានទទួលឲ្យយកទៅបូជានៅក្នុងវត្តឡើយ ព្រោះឪពុកម្តាយអត់រាយការណ៍ជូនសមត្ថកិច្ចពិនិត្យការស្លា//ប់សិន
ភ្នំពេញ ៖ ហេតុការណ៍នោះបានកើតឡើងកាលពី រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលជាន់ទី១ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរហូតដល់វេលាម៉ោងជិត៣រសៀលថ្ងៃដដែលទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ ។
គ្រួសារក្រីក្រមួយប្ដីរើសអេតចាយ ប្រពន្ធធ្វើការរោងចក្រ ហើយពេលកូនប្រុសរបស់ពួកគាត់ទើបតែអាយុ២ខែកន្លះម្នាក់ស្លាប់បាត់បង់ជីវិត ពួកគាត់មិនបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចឲ្យបានដឹងនិងចុះពិនិត្យជាមុនសិននោះទេ ។ បន្ទាប់មកក៏បានពឹងឲ្យអ្នកជិតខាងទៅជួយនិមន្តព្រះសង្ឃដើម្បីសូត្រធម៌បង្សុកូល និងសុំបូជាសពនៅក្នុងវត្ត ប៉ុន្តែភ្លាមៗនោះព្រះសង្ឃបដិសេធន៍មិនហ៊ានទទួលឲ្យយកទៅបូជានៅក្នុងវត្តឡើយ ។
ការដែលមិនទទួលឲ្យបូជាក្នុងវត្តនោះ ពុំមែនថាព្រះសង្ឃរើសអើងឬកំណាញ់នោះទេ ប៉ុន្តែព្រះអង្គខ្លាចមានបញ្ហា ព្រោះពុំមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឲ្យដឹងប្រាកដថា តើក្មេងប្រុសនោះស្លាប់ដោយសារតែអំពើឃាតកម្ម ឬ ជំងឺនោះឡើយ ។ ទើបព្រះសង្ឃប្រាប់ឲ្យរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចបានដឹងនិងចុះទៅពិនិត្យសិនទើប ព្រះអង្គហ៊ានទទួលបូជាសព ខណៈនោះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយពេលសមត្ថកិច្ចចុះទៅដល់ ពិនិត្យជាក់ស្ដែងទើបដឹងថាក្មេងប្រុសនោះស្លាប់ដោយជំងឺច្រាំងណ្ដាតនិងបំពង់ ក បៅអត់កើតរយៈពេល៣ថ្ងៃមកហើយ ទើបស្លាប់បែបនេះ ។ អ្វីដែលចម្លែកថែមទៀតនោះគឺក្មេងប្រុសខាងលើនេះបានកើតមករយៈពេល២ខែកន្លះមកហើយ ប៉ុន្តែឪពុកម្ដាយមិនទាន់បានដាក់ឈ្មោះឲ្យកូននៅឡើយទេ នៅពេលសមត្ថកិច្ចសួរនាំពីអត្តសញ្ញាណកូនប្រុស ពួកគាត់បានប្រាប់ថាអត់ទាន់បានដាក់ឈ្មោះកូនផង ។ បុរសជាឪពុកឈ្មោះអុិន រតនា អាយុ៤១ឆ្នាំ មុខរបរដើររើសអេតចាយ មានស្រុកកំណើតនៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ចំណែកស្រ្តីជាម្ដាយឈ្មោះយ៉ាំ សុឃឿន អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិពោធិ៍ម្រិញ ឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ។ គ្រួសារមួយនេះក្រីក្រខ្លាំងណាស់ ពួកគាត់មានកូនប្រុសចំនួន៣ និងកូនស្រីចំនួន២ ដោយឡែកកូនប្រុសដែលស្លាប់នោះអាយុទើបតែ២ខែកន្លះប៉ុណ្ណោះ ហើយគឺជាកូនទី៥ និងស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។
ប្ដីប្រពន្ធខាងលើបានប្រាប់ឲ្យដឹងថា ពួកគាត់បានផ្លាស់ប្ដូរគ្នានៅមើលថែកូន ដោយនៅពេលថ្ងៃប្រពន្ធបានចេញទៅធ្វើការរោងចក្រ ហើយបានឲ្យប្ដីនៅមើលថែកូនៗ ជាពិសេសមើលកូនប្រុសទើបតែអាយុ២ខែកន្លះនេះ ។ លុះដល់វេលាយប់ឡើងបុរសជាប្ដីចេញទៅដើររើសអេតចាយ ហើយបានឲ្យប្រពន្ធនៅមើលថែកូនវិញម្ដង ព្រោះបើមិនធ្វើដូច្នេះទេ ពួកគាត់ប្រាកដជាដាច់បាយមិនខានឡើយ ។
ពួកគាត់បានប្រាប់ឲ្យដឹងបន្តទៀតថា ចំណែកកូនប្រុសពៅរបស់ពួកគាត់នេះ បានមានជំងឺច្រាំងអណ្ដាតនិងបំពង់ ក ហើយបៅអត់កើតរយៈពេល៣ថ្ងៃកន្លងមកហើយ ប៉ុន្តែដោយសារតែពួកគាត់អត់មានលុយ ទើបមិនបាននាំយកកូនទៅកាន់មន្ទីរពេទ្យ ។ រហូតដល់ថ្ងៃកើតហេតុកូនប្រុសក៏បានស្លាប់បាត់បង់ជីវិត ពេលនោះពួកគាត់មិនបាននឹកឃើញថាត្រូវប្ដឹងអាជ្ញាធរនិងសមត្ថកិច្ចឲ្យចុះពិនិត្យនោះទេ ព្រោះអាងថាកូនស្លាប់ដោយជំងឺ រួចក៏បានពឹងឲ្យអ្នកជិតខាងជួយទៅនិមន្តព្រះសង្ឃវត្តត្រពាំងឈូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីសូត្រធម៌បង្សុកូល និងសុំកន្លែងបូជាសព នៅក្នុងវត្តផង ។
បើតាមអ្នករស់ជិតខាងគ្រួសារមួយនេះបានប្រាប់ថា នៅពេលទៅដល់វត្ត ពួកគាត់បានទូលប្រាប់ព្រះសង្ឃតាមដំណើររឿង ប៉ុន្តែខណៈនោះព្រះសង្ឃមិនជឿ និងមិនហ៊ានទទួលឲ្យយកសពទៅបូជានៅក្នុងវត្តឡើយ ដោយព្រោះអង្គខ្លាចមានរឿងព្រោះពុំមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចថា ក្មេងប្រុសនោះស្លាប់ដោយសារអំពើឃាតកម្ម ឬ ជំងឺឲ្យប្រាកដផង ។ ទើបពេលនោះព្រះសង្ឃប្រាប់ឲ្យទៅរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចចុះទៅពិនិត្យមើលជាមុនសិនទៅ ហើយលទ្ធផលយ៉ាងណាៗព្រះអង្គនិងទទួលយកបូជាភ្លាម បន្ទាប់មកពួកគាត់បានរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយពីទទួលបានដំណឹងនេះភ្លាមដោយខ្លាចថាក្មេងប្រុសនោះ ស្លាប់ដោយសារតែអំពើឃាតកម្ម ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងកម្លាំងប្រជាការពារសង្កាត់ ចុះទៅកាន់ទីនោះភ្លាមៗ ។ ក្រោយពីការពិនិត្យនិងសាកសួរឪពុកម្ដាយព្រមទាំងអ្នកជិតខាង ទើបដឹងថាក្មេងនេះស្លាប់ដោយសារតែមានជំងឺច្រាំងណ្ដាតនិងបំពង់ ក បៅអត់កើតផឹកទឹកក៏មិនកើត ហើយក៏ពុំបានព្យាបាលច្រើនថ្ងៃមកហើយ ពុំមែនស្លាប់ដោយអំពើឃាតកម្មនោះឡើយ ។
ក្រោយពេលកើតហេតុសពក្មងប្រុសនោះត្រូវបាននាំយកទៅបូជានៅឈាបនដ្ឋានវត្តត្រពាំងឈូក ដោយឡែកលោកសៅ សារិន មេភូមិត្រពាំងពោធិ៍បានជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល និងលោកចែម ចាន់ ប្រជាការពារសង្កាត់ចោមចៅទី៣ ក៏បានជួយចំនួន៥ម៉ឺនរៀល ដើម្បីឪពុកម្ដាយបានធ្វើបុណ្យសពកូនផងដែរ ៕