មនុស្ស ១ ០០០នាក់ ប្រហែលស្លា..ប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង
ព្យុះស៊ីក្លូន Chido បានវាយប្រហារដែនកោះ Mayotte ដែលជាទឹកដីបារាំងនៅបរទេស ស្ថិតក្នុងមហាសមុទ្រឥណ្ឌា ខណៈលោកអភិបាល Francois-Xavier Bieuville បានឲ្យដឹងថា មនុស្សស្លាប់អាចឈានដល់ ១ ០០០នាក់ឯណោះ។
តាមការចុះផ្សាយរបស់ Sky News, ព្យុះកំណាចនេះបានវាយប្រហារដែនដី Mayotte កាលពីថ្ងៃសៅរ៍ទី១៤ខែធ្នូឆ្នាំ២០២៤ ជាមួយកម្លាំងខ្យល់ ១៣៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបង្កការបំផ្លិចបំផ្លាញធំធេង ធ្វើឲ្យផ្ទះសម្បែងនៅតំបន់ខ្លះបាក់រលំដួលរាបដូចកន្ទេល ខណៈផ្លូវថ្នល់និងអាកាសយានដ្ឋានត្រូវរងការខូចខាតយ៉ាងដំណំ។ វាត្រូវបានក្រុមអ្នកព្យាករអះអាងថា ជាព្យុះកាចសាហាវបំផុតដែលវាយប្រហារដែនកោះនេះក្នុងរយៈពេល៩០ឆ្នាំ។
តាមការបញ្ជាក់ពីក្រុមមន្ត្រីក្នុងតំបន់, មូលហេតុដែលគេគិតថា មានមនុស្សស្លាប់ឈានដល់ខ្ទង់ពាន់បែបនេះ គឺដោយសារតែព្យុះ Chido វាយប្រហារពេញទំហឹងចំតំបន់សំណង់អនាធិបតេយ្យ ដែលពោរពេញទៅដោយមនុស្សរស់នៅណែនតាន់តាប់។
ជុំវិញគ្រោះធម្មជាតិនេះ ក្រសួងមហាផ្ទៃបារាំង ក៏បានបញ្ជូនកងកម្លាំងចំនួន ១ ៦០០នាក់ ទៅកាន់ដែនដីនោះ ដើម្បីធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះផងដែរ។
សូមបញ្ជាក់ថា Mayotte គឺជាដែនដីក្របំផុតរបស់បារាំងនៅបរទេស ហើយទីនោះគ្មានការអភិវឌ្ឍទេនិងញាំញីទៅដោយអំពើហិង្សាអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
Mayotte មានផ្ទៃដីត្រឹម៣៧៤គីឡូម៉ែត្រការ៉េ និងប្រជាជនជាង ៣០ម៉ឺននាក់ប៉ុណ្ណោះ។ វាមានកោះធំចំនួន២ លាតសន្ធឹងលើប្រវែង ៨០៤ ៦៧២គីឡូម៉ែត្រនៃឆ្នេរសមុទ្រអាហ្វ្រិកខាងកើត៕