វរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជូនគ្រួសារសពអនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំ ដែលបានទទួលមរណៈភាព
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំលោកអធិការរង នាយផ្នែកនាយប៉ុស្តិ៍ រងផ្នែក រងប៉ុស្តិ៍ និងមន្ត្រីសរុបចំនួន ២២រូប នាំយកថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សរុបចំនួន ១,៥០០,០០០រៀល (មួយលានប្រាំសែនរៀល) មកប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទានកាំ ដែលបានទទួលមរណភាព នៅភូមិប៉ុស្តិ៍ចាស់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរ លោកវរសេនីយ៍ទោ ទេព រដ្ឋា សូមសម្តែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំក្តុកក្តួល សោកសៅ និងស្តាយស្រ ណោះ អាឡោះអាល័យយ៉ាងក្រៃលែងបំផុតគ្រួសារសពលោកអនុសេនីយ៍ត្រី ហូ ឧត្តម ត្រូវជាកូននៃគ្រួសារសព បានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងអាយុ ២៧ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
លោកវរសេនីយ៍ទោ ទេព រដ្ឋា ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី ហូ ឧត្តម បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕