Southampton ដកតំណែងគ្រូបង្វឹក Martin ក្រោយចាញ់ Spurs ៥-០ បន្តឈរបាតតារាង ដោយមាន ៥ពិន្ទុ

(បរទេស)៖ ក្លិបបាល់ទាត់ Southampton បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ Russell Martin បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ Tottenham Hotspur ៥ទល់នឹង០ នាយប់មិញនេះ ក្នុងលីគ Premier League សប្តាហ៍ទី១៦ ជើងទី១។
តាមរយៈការបរាជ័យក្នុងផ្ទះនេះដែរ បានធ្វើឱ្យពួកគេបន្តឈរនៅលេខរៀងទី២០ ចុងក្រោយគេ ជាមួយនឹង ៥ពិន្ទុប៉ុណ្ណោះ និងដាច់ ៩ពិន្ទុផងដែរពីតំបន់មានសុវត្ថិភាព។
នៅចាំបានថា បុរសវ័យ ៣៨ឆ្នាំ Martin បានដឹកនាំ Saints ឡើងមកលេងនៅ Premier League សម្រាប់រដូវកាលឆ្នាំ២០២៤-២០២៥ ក្នុងការចូលដឹកនាំឆ្នាំដំបូងរបស់លោក តាមរយៈយកឈ្នះ Leeds United នៃវគ្គជម្រុះផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ក៏ប៉ុន្តែការបរាជ័យធ្ងន់ធ្ងរក្រោមថ្វីជើងរបស់ Spurs គឺជាការចាញ់លើកទី១៣ ក្នុងចំណោម ១៦ប្រកួតរដុវកាលនេះ។
ពួកគេលេងឈ្នះតែ ១លើកគត់នារដូវកាលនេះ ទៅលើគូប្រជែង Everton កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដ្បិតក្លិបម្ចាស់កីឡដ្ឋាន St Mary’s មួយនេះស៊ុតបញ្ចូលទីបាន ១១គ្រាប់ប៉ុណ្ណោះ។
ស្នាដៃដ៏ធំរបស់លោក Martin គឺបានដឹកនាំ Southampton លេងមិនចាញ់ឡើយ ក្នុងចំណោម ២៥ប្រកួតកាលពីរដូវកាលមុននៅ Championship ដែលជាកំណត់ត្រាថ្មីរបស់ក្លិប៕

អត្ថបទដែលជាប់ទាក់ទង