សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»
សមិទ្ធផលថ្មីនេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣ កន្លងទៅ។
ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និង ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និង ពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ។
ជាមួយគ្នានេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋនោះឡើយ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៦ ធ្នូ ២០២៤