សមត្ថកិច្ចបញ្ជូន ជនស//ង្ស័យទាំង ០៤នាក់ ករណីលួ//ចមានស្ថានទម្ងន់ទោស(ប្លន់យកម៉ូតូ) និងទទួលផលចោរកម្ម

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបញ្ជូន ជនសង្ស័យទាំង ០៤នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់យកម៉ូតូ) និងទទួលផលចោរកម្ម។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤នេះថាដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌផងនោះ លោកវរសេនីយ៍ទោ គឹម សុខខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានដឹកនាំកម្លាំងចុះ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់យកម៉ូតូ) និងទទួលផលចោរកម្ម។
ប្រភពបន្តថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៩និង២០នាទី មានករណីលួចមានស្ថានទម្ងន់ទោសមួយកើតឡើង(ប្លន់យកម៉ូតូ) នៅចំណុចភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្លន់យកម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ឡើងតែម២០១៤ ពាក់ផ្លាកលេខ កំពង់ធំ ១B ៨៥២៧ ពីជនរងគ្រោះឈ្មោះ គ.ស.ម.លី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកើតហេតុខាងលើ រួចជិះគេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញខេត្ត បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល បានស្រាវជ្រាវរកឃើញម៉ូតូរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស.ធ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។ លុះព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចយើងស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យ ០៣នាក់បន្ថែមទៀត៖ ១/ឈ្មោះ ឈ.ស.ច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ តាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក, ២/ឈ្មោះ ស.ច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និង៣/ឈ្មោះ យ.ស.វ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំង០២ រស់នៅភូមិ ថ្មី ឃុំដូង ស្រុករមាសហែក និងបានឆែកឆេរលំនៅរបស់ឈ្មោះ យ.ស.វ រកឃើញម៉ូតូ ម៉ាក ហុងដា សេ១២៥ ចំនួន ០៤គ្រឿង ដកហូតយកមកអធិការដ្ឋាននគរបាលស្រុករមាសហែក រួចកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនទៅសាលាដំបូង ខេត្តស្វាយរៀងចាត់ការតាមច្បាប់។
ជនសង្ស័យទាំង ០៤នាក់ខាងលើ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង ចេញដីកាឃុំខ្លួន រួចហើយ ៕

អត្ថបទដែលជាប់ទាក់ទង