ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំសម្របសម្រួលប្រចាំឆ្នាំលើកទី២ រវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ ឆ្នាំ២០២៤
នាថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំសម្របសម្រួលប្រចាំឆ្នាំលើកទី២ រវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្រោមការគាំទ្រយ៉ាងសកម្មពីបណ្តាដៃគូអភិវឌ្ឍន៍ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំ ជាពិសេសទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) សហភាពអឺរ៉ុប(EU) និងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា(WAT4CAM TA-ISWM)ដែលបានជួយឧបត្ថម្ភគាំទ្រដល់កិច្ចប្រជុំប្រចាំឆ្នាំនាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំសម្របសម្រួលប្រចាំឆ្នាំ២០២៤ធ្វើឡើងដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាព សមិទ្ធផលនិងបញ្ហាប្រឈមក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម និងដើម្បីស្វែងរកធាតុចូលបន្ថែម ក៏ដូចជាការគាំទ្រនានាពីដៃគូអភិវឌ្ឍន៍ដើម្បីធានាឱ្យការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍៥ឆ្នាំ២០២៤-២០២៨ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រព្រឹត្តទៅកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់នូវអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ហើយដែលក្នុងនោះការអភិវឌ្ឍវិស័យធនធានទឹកនៅតែជាវិស័យមួយដែលត្រូវបានយកចិត្តទុកដាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យធនធានទឹកនៅកម្ពុជាបាននិងកំពុងអភិវឌ្ឍនៅលើផ្លូវនៃការធ្វើកំណែទម្រង់ ក្នុងគោលដៅប្រែក្លាយវិស័យនេះឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការលើកស្ទួយជីវភាពរស់នៅរបស់កសិករប្រកបដោយចីរភាព និងបានបញ្ជាក់បន្ថែមថា បើទោះបីជាមានកិច្ចខំប្រឹងប្រែងយ៉ាងណា ក៏វិស័យធនធានទឹកនៅជួបបញ្ហាប្រឈមមួយចំនួនក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុហើយដែលទាមទារឱ្យមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ដោយប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងទឹកកម្រិតខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយមនិងជឿជាក់ថា កិច្ចប្រជុំពិភាក្សានឹងសម្រេចបាននូវលទ្ធផលប្រកបដោយផ្លែផ្កា ជាមួយនឹងការចែករំលែកផ្លាស់ប្ដូរនូវមតិយោបល់ មេរៀនបទពិសោធន៍នៅក្នុងការគ្រប់គ្រងបញ្ហាប្រឈម ក៏ដូចជាពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់ការរៀបចំនិងការអនុវត្តគម្រោងនានា ព្រមទាំងជំរុញភាពជាដៃគូ ពង្រឹងការយល់ដឹង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពនៅកម្ពុជា ធានាបាននូវសន្តិសុខទឹកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕