លោក មុយ មុនិន្ទ ប្រធាននាយកដ្ឋាន អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តកម្មអនុគ្រោះ

នៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក មុយ មុនិន្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តកម្មអនុគ្រោះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាភ្នំពេញ។
សូមជម្រាបថា វគ្គសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមមកពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងព័ត៌មាន ក្រសួងអធិការកិច្ច ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកប្រធាននាយកដ្ឋានហិរញ្ញវត្ថុបានមានប្រសាសន៍ឱ្យដឹងថា សិក្ខាសាលានេះរៀបចំដោយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីជំរុញការរៀបចំសេចក្តីព្រាងប្រកាសឱ្យមានសុក្រឹតភាព និងគ្រប់ជ្រុងជ្រោយ ព្រមទាំងប្រមូលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណរដ្ឋបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រដ្ឋបាលរាជធានី-ខេត្ត មន្ទីរជំនាញរាជធានី-ខេត្ត និងវិស័យឯកជន៕

អត្ថបទដែលជាប់ទាក់ទង