ការចុះផ្ទៀងផ្ទាត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិត តាមបណ្តោយព្រែកជីក ហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% ហើយ!

នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង និងក្រុមការងារបច្ចេកទេសដែលពាក់ព័ន្ធ ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីក ហ្វូណនតេជោ សម្រាប់កំណាត់ទី១ (ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ប្រវែង ២១គីឡូម៉ែត្រ) និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ បោះបង្គោលព្រំដីចុងក្រោយ របស់គម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី ១ ដែលជានិមិត្តរូបបញ្ជាក់ថា ការងារនេះសម្រេចបាននូវលទ្ធផល ១០០% តាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា ក្រុមការងារការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចគោលដៅ ១០០% នៃការងារកំណត់និយាមកា និងបោះបង្គោលព្រំដី និងររៀបចំផែនទីលម្អិត តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោជាមួយចំនួនបង្គោលព្រំដីដែលបានបោះសរុបចំនួន ១៤២ ចំណុច នៃតម្រាយផ្លូវទឹកកំណាត់ទី១។

ក្រុមការងារបច្ចេកទេសអន្តរក្រសួង មានការសហការគ្នាល្អក្នុងការងារអនុវត្តការងារ ទោះជា ទីតាំងបង្គោលមួយចំនួន ស្ថិតនៅក្នុងតំបន់ដែលមានឧបសគ្គជាច្រើន ដូចជា៖ បឹងមានទឹកជ្រៅ ព្រៃរបោះដែលត្រូវចុះដើរឆ្កាព្រៃ បន្លា សត្វអសិរពិស ជាដើម ក៏ក្រុមការងារខិតខំអនុវត្តតាមផែនការដែលបានកំណត់ ១០០%។ ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងសហការគ្នាអនុវត្តការងារឱ្យបានរលូន និងជួយយកអាស្រ័យគ្នាយ៉ាងល្អប្រសើរ ដែលបង្ហាញអំពីទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តគម្រោងព្រែក ជីកហ្វូណនតេជោរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន

អត្ថបទដែលជាប់ទាក់ទង