សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានលើកទី២១
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ដែលត្រូវបានរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងគោលបំណងផ្តល់នូវឱកាសជួបជុំពិភាក្សាដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មាន ធ្វើការផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងរៀបចំយន្តការសម្រាប់អនុវត្ត ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវវិជ្ជាជីវៈដើម្បីរក្សាសណ្តាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
ក្នុងសារលិខិតអបអរសាទរនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៤ ដែលបានលើកយកប្រធានបទស្ដីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ខណៈដែលការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលករណីនេះ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវ ជំរុញការបណ្ដុះបណ្តាលបង្កើនសមត្ថភាពជំនាញដល់អ្នកសារព័ត៌មាន និងបង្កើននូវទំនុកចិត្តដល់សាធារណជន៕