អ្នកគាំទ្រ និងអ្នកប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ចេញតវ៉ារៀងៗខ្លួន នៅកណ្តាលក្រុងសេអ៊ូល

(សេអ៊ូល)៖ ក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននាំគ្នាធ្វើការតវ៉ាតទល់គ្នា នៅក្នុងទីក្រុងសេអ៊ូល នាថ្ងៃសៅរ៍ ទី២១ ខែធ្នូនេះមួយសប្តាហ៍ក្រោយការបោះឆ្នោតដកតំណែងរបស់សភា ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នកប្រឆាំង លោក Yoon រាប់ម៉ឺននាក់អាយុចន្លោះពី ២០ឆ្នាំ ទៅ៣០ឆ្នាំ បានប្រមូលផ្តុំគ្នានៅរសៀលម៉ោង ៣ ដោយមានគ្រវីដំបងភ្លើង K-Pop និងសញ្ញាដែលសរសេរពាក្យថាឱ្យចាប់ខ្លួន លោក Yoon ជាដេីម។ រីឯក្រុមអ្នកគាំទ្រលោក Yoon ជាច្រើនពាន់នាក់ ដែលភាគច្រើនមានវ័យចំណាស់ និងជាក្រុមអ្នកអភិរក្សនិយម ប្រឆាំងនឹងការដកតំណែងលោក Yoon ហេីយគាំទ្រឱ្យស្តារអំណាចរបស់លោកឡើងវិញ បានប្រមូលផ្តុំគ្នាតាំងពីពាក់កណ្តាលថ្ងៃត្រង់មក។
គិតត្រឹមម៉ោង ៤រសៀល (ម៉ោងនៅសេអ៊ូល) បាតុកម្មគាំទ្រ និងប្រឆាំងលោក Yoon នៅសង្កាត់Gwanghwamun កណ្តាលរដ្ឋធានីសេអ៊ូល មិនមានការប៉ះទង្គិចគ្នាណាមួួយទេ។
គួរបញ្ជាក់ថា អំណាចប្រធានាធិបតីរបស់ លោក Yoon ត្រូវបានព្យួរ ប៉ុន្តែលោកនៅតែកាន់តំណែង។ លោកមិនបានអនុវត្តតាមការកោះហៅផ្សេងៗដោយអាជ្ញាធរស៊េីបអង្កេតនោះទេ។ លោកក៏មិនបានឆ្លើយតបចំពោះបំណងសួរនាំពីតុលាការធម្មនុញ្ញ ដែលជាអ្នកសម្រេចដក ឬស្ដារអំណាចប្រធានាធិបតីរបស់លោកឡើងវិញដែរ។ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង គ្រោងបើកសវនាការត្រៀមខ្លួនលើកដំបូង នៅថ្ងៃសុក្រសប្តាហ៍ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង