មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិក នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ បានប្តេជ្ញាថា ក្នុងឱកាសដែលកម្ពុជាទទួលយកនូវតួនាទីថ្មីដ៏សំខាន់នេះ កម្ពុជាសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់គោលការណ៍របស់អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសបញ្ជាក់ទៀតថា៖«កម្ពុជានឹងបន្តដើរតួនាទីសកម្ម ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពជាសាកល និងរួមចំណែកដល់ការលើកកម្ពស់អនាគតដែលប្រកបសន្តិភាព សុវត្ថិភាព និងវិបុលភាព សម្រាប់ទាំងអស់គ្នា»។
គណៈកម្មាការកសាងសន្តិភាព (PBC) គឺជាស្ថាប័នប្រឹក្សារបស់អង្គការសហប្រជាជាតិ ដែលជួយដល់ប្រទេសដែលឆ្លងកាត់សង្គ្រាម និងជម្លោះ ឈានទៅរកសន្តិភាព។ ការជាប់ឆ្នោតរបស់កម្ពុជាក្នុងស្ថាប័នដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងអំពីការគាំទ្រ និងទំនុកចិត្តយ៉ាងមុតមាំរបស់សហគមន៍ អន្តរជាតិចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីដែលកំពុងរីកលូតលាស់របស់កម្ពុជា ក្នុងវិស័យការទូត និងការកសាងសន្តិភាព។
ក្នុងនាមជាប្រទេសដែលស្រឡាញ់ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃសន្តិភាព កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៩០០០នាក់ ដើម្បីបម្រើការ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. ចំនួន១១ ដែលក្នុងនោះមានស្ត្រីជាង៨០០នាក់ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៥ នៅលើពិភពលោក ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព ពិភពលោក។
បើតាមសេចក្តីប្រកាសដដែលនេះ ការប្រែក្លាយខ្លួនរបស់កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម រហូតទទួលបាន សន្តិភាពយូរអង្វែង ជាពិសេសបន្ទាប់ពីរបបខ្មែរក្រហម ក៏បានផ្តល់នូវមេរៀន និងការយល់ដឹងដំ មានតម្លៃ ចំពោះដំណើរការនៃការបង្រួបបង្រួមជាតិ ការកសាងប្រទេស និងកិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យកូរ៉េខាងត្បូង (ខែកញ្ញា ឆ្នាំ២០២៤)
សូមរំឭកថា បន្ទាប់ពីជម្លោះនិងភាពចលាចលជាច្រើនឆ្នាំមក កម្ពុជាបានលេចចេញជាពន្លឺនៃសន្តិភាព និងការអភិវឌ្ឍន៍ ដែលភាគច្រើនកើតចេញពីផ្លែផ្កាដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គំនិតផ្តួចផ្តើមស្នូលដែលជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរនេះគឺការអនុវត្តគោលនយោបាយ “ឈ្នះ-ឈ្នះ” ដែលជាវិធីសាស្រ្តយុទ្ធសាស្ត្រសំដៅបង្រួបបង្រួមជាតិ កសាងសន្តិភាព និងជំរុញវឌ្ឍនភាពប្រកបដោយចីរភាព។
នៅពេលដែលប្រទេសកម្ពុជាឈានទៅមុខ កេរដំណែលនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅតែជាសក្ខីភាពបង្ហាញពីការបង្រួបបង្រួម ថែរក្សាសន្តិភាព ស្ថិរភាព ការផ្សាះផ្សា និងការឯកភាពជាតិ៕