ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានណែនាំដាស់តឿនទៅដល់យុវជនទាំងអស់ មុននឹងធ្វើនូវអ្វីមួយ ត្រូវគិតឲ្យបានច្បាស់លាស់ មិនធ្វើឲ្យប៉ះពាល់ដល់ខ្លួន សង្គម គឺត្រូវគិតពីប្រយោជន៍ជាតិជាធំ។
នៅក្នុងវិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា យុវជនត្រូវដឹងពីខ្លួនឯងឲ្យច្បាស់ ចេះកំណត់គោលដៅ ត្រូវធ្វើអ្វីដែលគួរធ្វើ មិនត្រូវធ្វើអ្វីដែលមិនគួរធ្វើ ហើយប៉ះពាល់សង្គមជាតិ គឺយុវជនត្រូវតែខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងអភិវឌ្ឍន៍ខ្លួនឯង និងចូលរួមអភិវឌ្ឍន៍ជាតិ។
ឯកឧត្តមបានបន្តថា មួយវិញទៀត យុវជនត្រូវចង់ចាំនូវបណ្ដាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការការពារឲ្យបាននូវសុខសន្តិភាព ដែលសម្ដេច និងថ្នាក់ដឹកនាំ រួមទាំងយុទ្ធជន យុទ្ធនារីបានពុះពារគ្រប់ឧបសគ្គស្វែងរកបាន សម្រាប់ជាតិមាតុភូមិ និងប្រជាពលរដ្ឋ គឺរួមគ្នាថែរក្សាឲ្យបានស្ថិតស្ថេររៀងទៅ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់សមាជិក សមាជិការ នៃ ស.ស.យ.ក បន្តចូលរួមចែករំលែកនូវធនធាន ឬកម្លាំងស្មារតី ដើម្បីជួយដល់សិស្សនិស្សិតមានជីវភាពខ្វះខាត ក្នុងការជួយឲ្យពួកគេបានបន្តការសិក្សា តាមរយៈការផ្ដល់នូវអាហារូបករណ៍ ឬសម្ភារផ្សេងៗ។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ដែលបានចូលរួមក្នុងការងារមនុស្សធម៌ផ្សេងៗ និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល តាំងពីអាណត្តិមុន បន្តដល់អាណត្តិទី៧នេះ ហើយសូមបន្តស្មារតី សាមគ្គី រួបរួមគ្នា វេញជាធ្លុងមួយ បំពេញការងារស្ម័គ្រចិត្តជួយដល់និស្សិត ប្រជាជន និងសង្គមជាតិ។
ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ថ្លែងថា សហព័ន្ធនេះបាននិងកំពុងបង្កឱកាសឲ្យនិស្សិត បានចូលរួមការងារសង្គម និងការងារមនុស្សធម៌ ក្រោមការដឹកនាំរបស់ ស.ស.យ.ក មានដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ និងព្រឹត្តិការណ៍ធំៗជាច្រើនទៀត។
ឯកឧត្តមបន្តថា បានចូលរួមជួយសង្គ្រោះ ផ្តល់អំណោយ ដែលជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ពលរដ្ឋក្រីក្រ និងរងគ្រោះដោយ គ្រោះធម្មជាតិផ្សេងៗ ដូចជាទឹកជំនន់ជាដើម ជាងនេះទៅទៀតនោះ ក្នុងនាមកែវភ្នែកយុត្តិធម៌ សមាជិកសហព័ន្ធ បានចូលរួមជាអ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីអាណត្តិទី២ ដល់អាណត្តិទី៧ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់តាំងពីអាណត្តិទី១ ដល់អាណត្តិទី៥។
គួរបញ្ជាក់ថា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា( ក្រុម២២) ជាអង្គការក្រៅរដ្ឋាភិបាល ទទួលបានការឯកភាពទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០២ ហៅថា “សមាគមសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា” ៕

អត្ថបទដែលជាប់ទាក់ទង