រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានជួបជាមួយមេដឹកនាំក្រុម Hayat Tahrir al-Sham (HTS) លោក Ahmed al-Sharaa ហៅ Abu Mohammed al-Golani នៅទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ ក្រោយការដួលរលំរបប លោក Bashar al-Assad កាលពីពីរសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
រូបថត និងវីដេអូដែលចែកចាយដោយក្រសួងការបរទេសតួកគី បង្ហាញពីលោក Fidan និងលោក Sharaa ដើរនៅមុខគណៈប្រតិភូ មុននឹងចាប់ដៃ ឱប និងញញឹមដាក់គ្នា។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសថា តួកគីនឹងជួយរដ្ឋបាលថ្មីរបស់ស៊ីរីបង្កើតរចនាសម្ព័ន្ធរដ្ឋ និងព្រាងរដ្ឋធម្មនុញ្ញថ្មី។ លោក Erdogan បន្ថែមថា លោក Fidan នឹងធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស ដើម្បីពិភាក្សាអំពីរឿងនេះ។ លោក Ibrahim Kalin ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ MIT របស់តួកគី ក៏បានធ្វើទស្សនកិច្ចនៅទីក្រុងដាម៉ាសកាលពីថ្ងៃទី ១២ ខែធ្នូ ក្រោយការដួលរលំរបស់លោក Assad ផងដែរ។
តួកគីបានគាំទ្រក្រុមឧទ្ទាមប្រឆាំងនឹងលោក Assad អស់រយៈពេលជាច្រើនឆ្នាំ និងស្វាគមន៍ការបញ្ចប់ការគ្រប់គ្រងរបស់គ្រួសារលោក Assad បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ១៣ ឆ្នាំ។ តួកគីក៏បានទទួលជនភៀសខ្លួនស៊ីរីរាប់លាននាក់ និងសង្ឃឹមថាពួកគេនឹងអាចវិលត្រឡប់ទៅកាន់មាតុភូមិវិញ។
គួរបញ្ជាក់ថា ជំនួបរវាងមន្ត្រីជាន់ខ្ពស់តួកគី និងមេដឹកនាំក្រុមប្រឆាំងស៊ីរី HTS នេះ កើតឡើងចំពេលមានការប្រយុទ្ធគ្នានៅភាគឦសានប្រទេសស៊ីរី រវាងយុទ្ធជនស៊ីរីដែលគាំទ្រដោយតួកគី និងកងជីវពល YPG ជនជាតិឃឺដ ដែលជាផ្នែកមួយនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ទីក្រុងអង់ការ៉ាចាត់ទុក YPG ជាអង្គការភេរវករ។
រដ្ឋមន្ត្រីការពារជាតិតួកគី បានបញ្ជាក់មុននេះថា តួកគីជឿជាក់ថា មេដឹកនាំថ្មីរបស់ស៊ីរី រួមទាំងក្រុមប្រដាប់អាវុធជាតិស៊ីរី (SNA) ដែលតួកគីគាំទ្រ នឹងជំរុញក្រុម YPG ចេញពីទឹកដីដែលពួកគេកាន់កាប់នៅភាគឦសាន។