ឯកឧត្តម មួង ប៉ាង៖ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការយកចិត្តទុកដាក់ចំពោះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ខេត្តរតនគិរី៖ ឯកឧត្តម មួង ប៉ាង អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះបានអញ្ជើញជាអធិតីក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយវឌ្ឍនភាពទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្នាក់ខេត្តដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត និងលោក លោកស្រី អភិបាលក្រុង ស្រុកទាំង៩។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម មួង ប៉ាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងបានចាត់ទុកថា កម្មវិធីនេះជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយជម្រុញល្បឿន ការកាត់បន្ថយភាពក្រីក្រឱ្យបាន ឆាប់រហ័ស និងឈានទៅការលុបបំបាត់ភាពក្រីក្រជាពិសេសនៅតាមតំបន់ជនបទដែលមានភាពក្រីក្រកម្រិតខ្ពស់ ។
ដើម្បីឱ្យដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិង គ្រួសាររងហានិភ័យនៅតាមភូមិ ឃុំ សង្កាត់ ប្រព្រឹត្តិទៅមានភាពរលូននិងទទួលបានលទ្ធផលល្អមានភាពសុក្រឹត្យ ឯកឧត្តម មួង ប៉ាង បានផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គប្រជុំត្រូវយកចិត្តទុកដាក់សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវផ្សព្វផ្សាយបន្ថែមទៀតដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិសូមដាក់បញ្ចូលកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំប្រចាំ សប្តាហ៍ឬប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងផ្តល់ការណែនាំដល់អ្នកពាក់ព័ន្ធដើម្បីធានាឱ្យ ការអនុវត្តត្រឹមត្រូវតាមនីតិវិធី។
ជម្រុញបន្ថែមទៀតដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិឱ្យពិនិត្យមើលគ្រប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែល មានជីវភាពខ្វះខាតពិតប្រាកដ និងជាក់ស្តែង ដើម្បីណែនាំ និងពន្យល់ពួកគាត់ឱ្យស្នើសុំបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យមកក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីធ្វើការសំភាសន៍ទៅតាមនិតិវិធី និងបច្ចេកទេសដែលមានស្រាប់ ។ ដូច្នេះសូមលោក លោកស្រីផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជាមួយក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមឃុំ សង្កាត់ និងថ្នាក់ខេត្ត ដើម្បីឱ្យដំណើរការនេះ នៅតាមឃុំ សង្កាត់នីមួយៗ ទទួលបានជោគជ័យ៕