អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យតាមដានវាយតម្លៃការងារដឹកនាំ ការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងបំនិនអប់រំ នៃវិទ្យាល័យទាចំរ៉ាត់

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យតាមដានវាយតម្លៃការងារដឹកនាំ ការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងបំនិនអប់រំ នៃវិទ្យាល័យទាចំរ៉ាត់ ដែលស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដើម្បីជម្រុញការផ្តល់សេវាវិស័យអប់រំឱ្យបានល្អប្រសើរ ឈានទៅប្រឡងប្រណាំង សម្រាប់ក្របខណ្ឌខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា ឆ្លងកាត់ការពិនិត្យជាក់ស្តែង យើងឃើញថាវិទ្យាល័យទាចំរ៉ាត់ មានការខ្វះចន្លោះជាច្រើន ដែលទាមទារឱ្យគណៈគ្រប់គ្រងសាលា ធ្វើការរៀបចំកែតម្រូវជាចាំបាច់។ នាពេលនេះ យើងមានសាលាគម្រូ ចំនួន២ ដែលត្រៀមប្រគួតប្រជែង ស្តង់ដារសាលារៀនគម្រូកម្រិតឧត្តមទូទាំងប្រទេស ដែលក្នុងនោះរួមមាន វិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យពោធិ៍សាត់។ ក្នុងន័យនេះ សូមឱ្យគណៈគ្រប់គ្រងសាលាទាចំរ៉ាត់ ត្រូវធ្វើទស្សនកិច្ច ដើម្បីធ្វើស្វ័យសិក្សា ពីការដឹកនាំរៀបចំ របស់សាលាទាំង២ ព្រមទាំងបំផុសចលនាសិស្សានុសិស្ស ឱ្យចូលរួមសម្អាតបរិស្ថានទាំងក្នុងសាលារៀន និងបន្ទប់រៀន ដើម្បីសុខភាព និងបរិស្ថានសិក្សាល្អ។
ជាការពិតណាស់ វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ។ ហើយលោកគ្រូ អ្នកគ្រូ គឺថ្នាលបណ្ដុះនូវធនធានមនុស្សថ្មី ធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរ សូម្បីតែលោក ដែលកាន់មុខតំណែងបច្ចុប្បន្ន ក៏កើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូផងដែរ។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងយកចិត្តទុកដាក់បង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង។
ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា ក៏សូមឱ្យគណៈគ្រប់គ្រងសាលា ត្រូវគិតគូរពីការរៀបចំដាក់តាំង រូបឥស្សរជនឆ្នើមរបស់យើង ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសមកដល់បច្ចុប្បន្ន។
ឯកឧត្តម ខូយ រីដា បានលើកឡើងថា កូនក្មួយសិស្សានុសិស្សទាំងអស់ មានឱកាសពេញលេញ ក្នុងការសិក្សារៀនសូត្រ ដែលខុសគ្នាពីយុវជនសម័យមុន ក្នុងសម័យសង្គ្រាម និងសម័យប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រទេសជាតិយើង ធ្លាប់ឆ្លងកាត់ក្នុងស្ថានភាពដ៏លំបាកវេទនាបំផុត។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន និងឱ្យក្លាយទៅជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ ក្មួយៗត្រូវចងចាំថា «យើងត្រូវរៀនទៅរកគោលដៅជាវិជ្ជមាន និងត្រូវរៀនទៅរកទីផ្សារការងារ» ៕

អត្ថបទដែលជាប់ទាក់ទង