ករណីកាប់ប្រហារយុវជន២នាក់យ៉ាងសាហាវនៅស្រុកបាទី កម្លាំងនគរបាលតាមចាប់ជនល្មើស៣នាក់, អភិបាលខេត្តតាកែវ បញ្ជាឲ្យសមត្ថកិច្ចអនុវត្តច្បាប់ឲ្យបានតឹងរឹង ចំពោះក្រុមក្មេ..ងទំនើងដែលបង្កការអុកឡុកតាមមូលដ្ឋាន

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាឲ្យស្នងការនគរបាលខេត្ត អធិការនគរបាលក្រុង-ស្រុក កម្លាំងកងរាជអាវុធហត្ថ រួមនឹងមន្រ្តីអនុវត្តច្បាប់ទាំងអស់ដែលបង្ក្រាបបានក្រុមក្មេងទំនើងត្រូវតែអនុវត្តតាមច្បាប់ ឲ្យបានតឹងរឹងបំផុតដោយគ្មានការលើកលែង គ្មានកាយោគយល់ និងគ្មានការអន្តរាគមន៍ពីសំណាក់អាណាព្យាបាល ឬអ្នកមានអំណាចណាមួយឡើយ។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពខេត្តនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលខេត្តតាកែវ បានថ្លែងថា បញ្ហាក្រុមក្មេងទំនើងបង្ហោះម៉ូតូ បងតូច បងធំ ដេញកាប់ចាក់គ្នា តែងតែបង្កអសន្តិសុខសង្គម ដែលបញ្ហានេះ សមត្ថកិច្ចត្រូវតែបង្រ្កាបឲ្យខាងតែបាន។
ជាក់ស្ដែងករណីក្មេងស្ទាវកាប់គ្នានៅឃុំសូភី ស្រុកបាទី កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដែលបណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់ ក្រុមជនល្មើសចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលតាមចាប់ជាបន្តបន្ទាប់។ បើតាមសេចក្តីរាយការណ៍ពីមន្រ្តីនគរបាលមូលដ្ឋាន, ក្រុមក្មេងទំនើងមានឈ្មោះ Team 66 ដែលមានគ្នីគ្នាប្រមាណ១៥នាក់ ហើយក្រុមជនរងគ្រោះមានឈ្មោះ Team YKM ដែលពួកគេទាំង២ក្រុមធ្លាប់ឈ្លោះ និងវាយគ្នានាពេលកន្លងទៅ។
ពាក់ព័ន្ធនឹងករណីនេះ អភិបាលខេត្តតាកែវ បានប្រាប់សមត្ថកិច្ចឲ្យអនុវត្តច្បាប់តឹងរឹងបំផុត រួចបញ្ជូនពួកគេទៅកាន់តុលាការឱ្យបានលឿន ដោយគ្មានការ យោគយល់អ្វីទាំងអស់ ដើម្បីឱ្យតុលាការចាត់ការទៅតាមច្បាប់ ជាពិសេសពួកអ្នកចែកចាយ ឬជួញដូរគ្រឿងញៀនត្រូវតែបញ្ជូនពួកគេទៅកាត់ទោសតាមច្បាប់។
លោក វ៉ី សំណាង បានលើកឡើងបន្ថែមថា «ប្រសិនបើយើងទប់ស្កាត់បញ្ហាគ្រឿងញៀន ក្រុមក្មេងទំនើងមិនបានទេ នោះខេត្តតាកែវនឹងក្លាយជាខេត្តអសន្តិសុខ ប្រជាពលរដ្ឋរស់នៅមានការភ័យខ្លាច ភ្ញៀវទេសចរណ៍នឹងមិនមកលេងកម្សាន្តនោះទេ។ ជាពិសេសនៅអំឡុងខែមិនាខាងមុខនេះ ខេត្តតាកែវនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេ នៅសួនច្បារមាត់បឹងតាកែវ ដូច្នេះបញ្ហាសន្តិសុខ សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវតែរៀបចំផែនការពង្រឹងការចុះល្បាតជាប្រចាំ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅក្នុងខេត្តតាកែវទាំងមូលផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង