អបអរសាទរអ្នកគ្រូ កឹម ច័ន្ទលក្ខិណា ដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ SEAQIL Kartini Award (SEKAR) ឆ្នាំ២០២៤ ផ្នែកគ្រូបង្រៀនភាសា

ភ្នំពេញ៖ អបអរសាទរ ដល់ អ្នកគ្រូ កឹម ច័ន្ទលក្ខិណា គ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ SEAQIL Kartini Award (SEKAR) ឆ្នាំ២០២៤ ផ្នែកគ្រូបង្រៀនភាសា រៀបចំឡើងដោយមជ្ឈមណ្ឌលស៊ីមេអូ QITEP in Language ប្រទេសឥណ្ឌូនេស៊ី។
សម្រាប់ឆ្នាំ២០២៤នេះ ពានរង្វាន់ SEKAR ត្រូវបានផ្តល់ជូនក្នុងគោលបំណងទទួលស្គាល់ និងគាំទ្រដល់គ្រូបង្រៀនភាសា និងបុគ្គលិកអប់រំឆ្នើម ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មក្នុងការលើកកម្ពស់អក្ខរកម្ម។ ជ័យលាភីក្នុងការប្រកួតប្រជែងនេះនឹងរួមចំណែកក្នុងការលើកកម្ពស់អក្ខរកម្ម ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់គ្រូបង្រៀនភាសា និងការកែលម្អគុណភាពអក្ខរកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
សូមបញ្ជាក់ផងដែរថា ការបង្កើតពានរង្វាន់ SEKAR រៀបចំឡើងក្រោមគោលបំណងលើកទឹកចិត្តគ្រូបង្រៀនភាសាឱ្យបន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងសហគមន៍អប់រំ និងបំផុសគំនិតនវានុវត្តន៍ប្រកបដោយនិរន្តរភាពក្នុងការបង្រៀនភាសានាពេលអនាគត។ កម្មវិធីប្រកួតប្រជែងនេះមានការចូលរួមពីសំណាក់ប្រទេសជាសមាជិកអង្គការរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) ទាំង ១១ប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង