ចោរ ០១ក្រុម មានគ្នាប្រមាណ ៧ទៅ៨នាក់ ចូលលួចម៉ូតូបុគ្គលិកផ្នែកចុងភៅ បម្រើការនៅកាស៊ីណូមួយកន្លែង អស់ចំនួន០៤គ្រឿង យកទៅបាត់ដោយសុវត្ថិភាព ម្ចាស់បានត្រឹមមើលឃើញតាមកាមេរ៉ាសុវត្ថិភាព
ខេត្យស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងផ្ទះជួល តាមបណ្តោយផ្លូវទៅទួលព្រៃយាយដូន នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ បន្ទាប់ពីកើតហេតុ ក្រុមជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលតែប៉ុណ្ណោះ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មានចោរ ០១ក្រុម មានគ្នាប្រមាណ ៧ទៅ៨នាក់ បានធ្វើសកម្មភាព ចូលលួចម៉ូតូបុគ្គលិកផ្នែកចុងភៅ បម្រើការនៅកាស៊ីណូមួយកន្លែង អស់ចំនួន០៤គ្រឿង យកទៅបាត់ដោយសុវត្ថិភាព ហើយម្ចាស់បានត្រឹមមើលឃើញតាមកាមេរ៉ាសុវត្ថិភាព នៅក្រុងបាវិត ។ ហើយក្រុមចោរធ្វើសកម្មភាពចូលលួចម៉ូតូនេះ គឺនៅក្នុងផ្ទះជួល (១យប់ អស់ម៉ូតូ០៤ គ្រឿង) ។
ជនរងគ្រោះ បានរៀបរាប់ថា ក្រុមខ្លួនជាបុគ្គលិកផ្នែកចុងភៅឯកជន ធ្វើម្ហូបអាហារឱ្យកាស៊ីណូមួយកន្លែង នៅក្រុងបាវិត ជាបុគ្គលិកផ្នែកចុងភៅវេនថ្ងៃ ហើយមុនកើតហេតុ ម្ចាស់ម៉ូតូទាំង០៤គ្រឿង បានដាក់ម៉ូតូចតក្រោមផ្ទះនៅខាងក្រៅបន្ទប់ដេកដូចសព្វដង រាល់យប់ ។ លុះនៅព្រឹកថ្ងៃកើតហេតុ ពេលក្រោកពីដេក ស្រាប់តែបាត់ម៉ូតូអស់០៤គ្រឿង ពេលនោះ ជនរងគ្រោះ ក៏បានសុំម្ចាស់ផ្ទះឆែកកាមេរ៉ាសុវត្ថិភាពមើល ក៏ស្រាប់តែឃើញក្រុមជនសង្ស័យ ធ្វើសកម្មភាពកាច់សោ.កម៉ូតូ យកម៉ូតូបាត់អស់ចំនួន០៤គ្រឿង តែម្តង ដោយមើលកាមេរ៉ាសុវត្ថិភាពខាងក្នុងមិនសូវច្បាស់ ជនរងគ្រោះក៏បានសុំម្ចាស់ផ្ទះ មើលកាមេរ៉ាខាងមុខ តែម្ចាស់ផ្ទះមិនអនុញ្ញាតឱ្យមើល ជនរងគ្រោះ ក៏សម្រេចចិត្តទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
ជនរងគ្រោះ បានលើកឡើងថា ហើយអ្វីដែលជនរងគ្រោះហួសចិត្តនោះ គឺក្រោយពីក្រុមជនរងគ្រោះដែលបានបាត់ម៉ូតូ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ពេលនោះមន្ត្រីនគរបាល បានណែនាំក្រុមជនរងគ្រោះថា មិនចេះប្រយ័ត្នទ្រព្យរបស់ខ្លួនឯងទេ ប៉ូលិសមានពេលណា ចាំតែធ្វើការអោយរហូត ហើយនគរបាល ក៏បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ក៏ប៉ុន្តែមិនបានមកពិនិត្យមើលទីតាំងកើតហេតុនោះទេ ។ ជនរងគ្រោះ បន្តថា ម៉ូតូដែលបាត់ទៅ ខ្លះជាម៉ូតូបង់រំលស់ ទើបតែបាន០២ ទៅ០៣ខែតែប៉ុណ្ណោះ ។
ក្រុមជនរងគ្រោះបញ្ជាក់ថា ពេលដឹងថា បាត់ម៉ូតូភ្លាមៗ ក៏បានឆែកមើលតាមប្រព័ន្ធ GPS បានដឹងថា ម៉ូតូដែលត្រូវក្រុមចោរលួចយកទៅនោះ គឺគេយកទៅដល់ភ្នំពេញ ហើយក្រុមជនរងគ្រោះ បានជួលឡានគេ ជិះទៅតាមដល់ភ្នំពេញ ក៏បាត់ GPS នៅម្ដុំផ្លូវ២៧១ កែងអូបែកក្អម ។
ប្រភពបានឲ្យដឹងថា ម៉ូតូដែលក្រុមចោរកាច់សោ យកទៅ រួមមាន ៖
ទី១. ឈ្មោះ យូអ៊ីម ភេទប្រុស ម្ចាស់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JL-4739 ។
ទី២. ឈ្មោះ ឌុលចាន់រ៉ា ភេទប្រុស មានទីលំនៅ ជម្ពូវន័សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IJ-4133 ។
ទី៣. ឈ្មោះ វ៉ែន ស ភេទប្រុស ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1P-4543 ។
និងទី៤. ឈ្មោះ ហ៊ុន គឹមសាន ភេទប្រុស ម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខបាត់ដំបង 1AW-4270 ទិញបង់រំលស់ពីឈ្មោះតារារិទ្ធិ ។
តែទោះជាយ៉ាងណា ក្រុមជនរងគ្រោះ ទទួចស្នើសុំដល់សមត្ថកិច្ចក្រុងបាវិត មេត្តាជួយពិនិត្យកាមេរ៉ាសុវត្ថិភាព ខាងមុខផ្ទះជួល និងខាងក្នុងផ្ទះជួល ដើម្បីស្រាវជ្រាវវែកមុខក្រុមជនសង្ស័យ ដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ផងទាន! ។
ទាក់ទិនករណីនេះ សារព័ត៌មានមិនអាចរកការបំភ្លឺពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត បានទេ រហូតមកដល់ល្ងាចថ្ងៃទី២៤ ធ្នូ ២០២៤នេះ ៕