កូរ៉េខាងត្បូង ផ្តល់ជំនួយ១២លានដុល្លារ គាំទ្រសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា
(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារកយកា ដែលជាទីភ្នាក់ងារផ្នែកអភិវឌ្ឍន៍របស់ខ្លួននោះ បានប្រកាសផ្តល់ជំនួយឥតសំណងនូវថវិកា ១២លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីគាំទ្រលើសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជារយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា (KOICA) ប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តោតលើការគាំទ្រចំពោះជំនួយលើកកម្ពស់សមត្ថភាព និងគុណភាពនៃសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា។
តាមរយៈជំនួបពិភាក្សានេះ ទីភ្នាក់ងារកយកា បានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួននូវជំនួយឥតសំណងប្រមាណ ១២លានដុល្លារអាមេរិក ដែលគ្រោងអនុវត្តពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នឹងត្រូវបានធ្វើឱ្យប្រសើរឡើង ដែលរួមបញ្ចូលទាំងការសាងសង់អគារដែលមានអន្តេវាសិកដ្ឋាន និងឧបករណ៍សម្រាប់ការអនុវត្តក្នុងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ព្រមទាំងការបង្កើតកម្មវិធីសិក្សា និងសម្ភារបណ្តុះបណ្តាលចាំបាច់នានា ដើម្បីផ្តល់ការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ សិស្សានុសិស្សទូទៅ។ លើសពីនេះ សមត្ថភាពមន្ត្រីរដ្ឋាភិបាលដែលទទួលបន្ទុកក្នុងសេវាកម្មផ្សព្វផ្សាយកសិកម្ម ដែលភាគច្រើនជាមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំទូទាំងប្រទេស នឹងត្រូវបានពង្រឹងសមត្តិភាព។
កម្មវិធីពង្រឹងសមត្ថភាពនេះ មិនផ្តោតត្រឹមតែលើជំនាញបច្ចេកទេស និងការសម្របសម្រួលកសិកម្មប៉ុណ្ណោះទេ ថែមទាំងលើការផលិតសម្ភារៈផ្សព្វផ្សាយផងដែរ។ កម្មវិធីនេះ ក៏មានគោលបំណងពង្រឹងសេវាផ្សព្វផ្សាយកសិកម្មនៅថ្នាក់មូលដ្ឋាន ដើម្បីលើកកំពស់ជីវភាពរបស់កសិករកម្ពុជា។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើធនធានមនុស្សក្នុងវិស័យកសិកម្ម ជាពិសេសសេវាផ្សព្វផ្សាយកសិកម្ម។ លោកបានបន្ថែមថា ការវិនិយោគលើសមត្ថភាពរបស់មន្ត្រីកសិកម្មឃុំ គឺមានសារៈសំខាន់ណាស់សម្រាប់ធានាថាកសិករកម្ពុជាទទួលបានចំណេះដឹង និងបច្ចេកវិទ្យាចុងក្រោយបង្អស់របស់កសិកម្ម។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់មន្ត្រីជួរមុខទាំងនេះ អាចរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម ការកែលម្អសន្តិសុខស្បៀង និងការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព។
លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកានៅកម្ពុជា បានលើកឡើងថា ទីភ្នាក់ងារកយកា តែងតែរួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង គម្រោងនេះចូលរួមចំណែកយ៉ាងខ្លាំងក្លា ដល់ការគាំទ្រដល់កម្មវិធីទីពីរនៃកម្មវិធីគោលនយោបាយអាទិភាពកម្ពុជាសម្រាប់វិស័យកសិកម្ម។
តាងនាមឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ទីភ្នាក់ងារកយកា បានប្តេជ្ញាបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ និងធ្វើឱ្យប្រជាជនកាន់តែជិតស្និទ្ធជាមួយគ្នា។
ទីភ្នាក់ងារកយកា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជនបទក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការលើកកម្ពស់ជីវភាព និងការបង្កើតប្រាក់ចំណូលកសិកម្ម។ ក្រៅពីគម្រោងដែលមានក្នុងផែនការនេះ បច្ចុប្បន្នទីភ្នាក់ងារកយកា បាននិងកំពុងអនុវត្តគម្រោងភូមិសន្តិភាពនៅក្នុងភូមិចំនួន៣០ នៅភាគពាយ័ព្យប្រទេសកម្ពុជា រួមមាន បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន៕