សំណុំរឿងអ្នកសារព័ត៌មានឈ្មោះ ផាត់ ហ៊ន ត្រូវបានដោះស្រាយបញ្ចប់
ភ្នំពេញ ៖ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម កើត រិទ្ធ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងករណីដែលមិនអាចក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ សូមសាកសួរព័ត៌មានទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មាន ដែលធ្វើអោយសាធារណជន មានការភ័ន្តច្រឡំ ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ បន្ទាប់ពីសំណុំរឿងអ្នកសារព័ត៌មានឈ្មោះ ផាត់ ហ៊ន ត្រូវបានដោះស្រាយបញ្ចប់ ។
ការអំពាវនាវរបស់រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ថ្មីៗនេះ ពាក់ព័ន្ធនឹងអ្នកកាសែត ផាត់ ហ៊ន ហៅ ពូ ហ៊ន បានទទួលស្គាល់ជាសាធារណៈ នូវកំហុសរបស់ខ្លួន ក្នុងការរាយការណ៍ ជាពិសេសការប្រើប្រាស់ភាសាបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នតុលាការ ផ្សាយព័ត៌មាន និងធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យ ជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស នៃស្ថាប័នតុលាការខេត្តកំពង់ចាម ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានទទួលសំបុត្រពីលោក ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានសម្តែងការសោកស្តាយបំផុតចំពោះទង្វើរបស់គាត់។ ឯកឧត្តម នេត្រ ភក្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលកិច្ចសន្ទនាជាមួយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងថ្នាក់ដឹកនាំវិស័យយុត្តិធម៌ ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយសមស្របបញ្ចប់ករណីនេះ ដោយស្រុះស្រួលគ្នា ក្រៅប្រព័ន្ធតុលាការ ។
ជាលទ្ធផល បណ្ដឹងប្រឆាំងនឹងលោក ផាត់ ហ៊ន ត្រូវបានដកចេញ ដោយបើកផ្លូវសម្រាប់ការផ្សះផ្សា ដើម្បីលើកកម្ពស់កិច្ចសហការល្អ រវាងស្ថាប័នតុលាការ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រីយុត្តិធម៌ បានបង្ហាញដោយសង្កត់ធ្ងន់ថា «ខ្ញុំសូមអរគុណចំពោះឯកឧត្តម ប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់ យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ» ។
ឯកឧត្តម បានលើកឡើង នូវពាក្យស្លោក «ក្រោយភ្លៀង មេឃស្រឡះ» ជាពាក្យប្រៀបធៀបសម្រាប់ភាពច្បាស់លាស់ នៃទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ជាមួយវិស័យយុត្តិធម៌ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យអ្នកសារព័ត៌មាន អនុវត្តការផ្សព្វផ្សាយព័ត៌មាន ដោយប្រកា
ន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលហៅថា «ជាយន្តគាថា ការពារខ្លួន ដ៏សក្តិសិទ្ធិតាមផ្លូវច្បាប់» ។
ជាងនេះទៅទៀត ឯកឧត្តម កើត រិទ្ធ បានអំពាវនាវដល់អ្នកនាំពាក្យ នៃស្ថាប័នអយ្យការ និងតុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មាន ចាំបាច់នានា ក្នុងក្របខ័ណ្ឌ នៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងស្ថាប័ន, ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជន នៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សម្ងាត់ នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ៕