មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ជុំវិញភាពស្ទាក់ស្ទើរក្នុងការបញ្ចប់ការពឹងផ្អែកលើឧស្ម័នរុស្ស៉ី ដោយចាត់ទុកជាបញ្ហាសន្តិសុខដ៏ធំសម្រាប់អឺរ៉ុប ហើយថាលោក Fico ថែមទាំងបដិសេធទទួលយកសំណងទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ ២០២៤។
ប្រធានាធិបតីអ៊ុយក្រែន បានអត្ថាធិប្បាយបែបនេះ បន្ទាប់ពីលោក Fico ជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ។
លោក Fico ចោទលោក ហ្សេលេនស្គី ថាបានជំទាស់នឹងការដឹកជញ្ជូនឧស្ម័ន ឆ្លងកាត់អ៊ុយក្រែនមកស្លូវ៉ាគី ដែលពឹងផ្អែកលើការផ្គត់ផ្គង់ឧស្ម័ន តាមប្រទេសជិតខាងខ្លួនមួយនេះ។
លោក ហ្សេលេនស្គី បានបន្តថា ស្លូវ៉ាគីនឹងទទួលបាន សំណងពីការខាតបង់ ដែលបណ្តាលមកពីការផុតកំណត់ ក៏ដូចជាជម្រើសបញ្ជូនឧស្ម័នឆ្លងកាត់ ដែលមិនមែនជារបស់រុស្ស៉ី។
លោក ហ្សេលេនស្គី បានបន្ថែមថា លោក Fico មិនចង់បានសំណងនោះទេ។ ដោយមិនលម្អិត លោក ហ្សេលេនស្គី បានបញ្ជាក់ថា លោក Fico ចាប់អារម្មណ៍តែលើឧស្ម័នរបស់រុស្ស៉ី ហើយថាលុយ ៥០០លានដុល្លារក្នុងមួយឆ្នាំ គឺជាចំណែកនៃភាគហ៊ុន។
គួរបញ្ជាក់ថា ម្តងហើយម្តងទៀត អ៊ុយក្រែននិយាយថានឹងមិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូន ឧស្ម័នពីរុស្ស៉ីទៅអឺរ៉ុប ដែលផុតកំណត់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នោះទេ ពីព្រោះការទូទាត់ថ្លៃឧស្ម័ន បានជួយរុស្ស៉ីឱ្យមានលទ្ធភាពធ្វើសង្រ្គាមជិត៣ឆ្នាំ នៅអ៊ុយក្រែន ៕

អត្ថបទដែលជាប់ទាក់ទង