ភរិយាតារាចម្រៀង ព្រាប សុវត្ថិ ឧបត្ថម្ភថវិកាដល់គ្រួសារបុរសពិការមួយចំហៀងខ្លួនម្នាក់ រស់នៅក្នុងខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ ដោយទ្រាំមើលនឹងភ្នែកមិនបាន ភរិយាយតារាចម្រៀង ព្រាប សុវត្ថិ បានជួយថវិកាផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការមួយចំហៀងខ្លួនត្រូវចិញ្ចឹមកូន២នាក់ បន្ទាប់ពីប្រពន្ធបោះបង់ចោល ។
តាមរយៈវិដេអូខ្លីនេះភរិយាតារាចម្រៀង ព្រាប សុវត្ថិ បានផ្តល់ថវិកាផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការម្នាក់ដែលរស់នៅខេត្ត មណ្ឌលគិរី ក្នុងពេលដែលភរិយារបស់លោកទៅមើលដី និងដើរកម្សាន្ត។
បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា នៅពេលដែលភរិយាលោក ព្រាប សុវត្ថិ ជួបបុរសពិការនោះ ឃើញថាគាត់ជួបនូវការលំបាកខ្លាំងពេក ក៏កើតចិត្តអាណិតនិងផ្តល់ថវិកាផ្ទាល់ខ្លួនមួយចំនួន ទុកជួយសម្រួលជីវភាពរបស់គាត់និងកូនៗ។
ប្រភពព័ត៌មាននោះបានបន្តទៀតថា បុរសពិការម្នាក់នោះបានជួបនូវបញ្ហាក្នុងគ្រួសារត្រូវភរិយាបោះបង់ចោល បន្ទាប់ពីគាត់ជួបគ្រោះថ្នាក់ចរាចររហូតពិការមួយចំហៀងខ្លួន ហើយត្រូវមើលថែកូនទាំង២ក្នុងបន្ទុកទៀត។ ពេលនេះបុរសពិការនោះក៏មានបញ្ហាសតិអារម្មណ៍ផងដែរ។
នេះមិនមែនជាលើកទី១នោះទេ ដែលភរិយាតារាចម្រៀង ព្រាប សុវត្ថិ តែងតែលេចមុខក្នុងការងារសប្បុរសធម៌ និងជួយដល់ជនដែលខ្វះខាត។ ទង្វើរដ៏ល្អរបស់ភរិយាយតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់៕