កីឡាប្រដាល់សកល បន្ថែមវិញ្ញាសាយុវជនក្នុងជើងឯកជាតិ ដើម្បីពង្រឹងធនធានបន្ដវេន និងត្រៀមឆ្នាំ២០២៩

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានសម្រេចបញ្ចូលវិញ្ញាសាយុវជនលើកដំបូង ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសធនធានបន្ដវេនត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ។
នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ ស្របពេលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បាននឹងកំពុងដំណើរការប្រកួតនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកីឡាករ-កីឡាការិនី ១៤៥នាក់ មកពី ៣០សមាគម/ក្លិបរាជធានី-ខេត្ត និង ៣ក្រសួងចូលរួម ដែលមានកំណើន ៥០% បើធៀបកាលពីឆ្នាំមុន ។
មន្ដ្រីប្រតិបត្តិសហព័ន្ធដដែលបន្ដថា ឆ្នាំនេះ គឺជាឆ្នាំយុទ្ធសាស្ដ្រថ្មី បន្ទាប់ពីសហព័ន្ធបានធ្វើការបណ្ដុះបណ្ដាលយុវជន ហើយបានបញ្ចូលវិញ្ញាសាកម្រិតយុវជន ៤ប្រភេទទម្ងន់ ដើម្បីផ្ដល់ឱកាសឲ្យពួកគេបានចូលរួមប្រកួត និងបង្ហាញសមត្ថភាព ក្នុងន័យអភិវឌ្ឍន៍នូវធនធានបន្ដវេននេះ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនាថ្ងៃអនាគត ពិសេសការសម្រួចសមត្ថភាពថ្នាលយុវជនត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។
ស្របជាមួយគ្នាដែរ សហព័ន្ធនៅតែរក្សា និងផ្ដោតបន្ថែមលើការពង្រឹងក្រុមឈុតធំដូចគ្នា ដ្បិតឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមកាន់តែច្រើន ហើយការបង្ហាញគុណផលបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ក៏កាន់តែល្អប្រសើរ ដែលជាសញ្ញាណមួយដ៏ល្អ ដើម្បីចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមត្រៀមប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិឆ្នាំ២០២៥ និងត្រៀមប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ផងដែរ ។ លោក ប៊ុយ សុភ័ណ្ឌ បន្ថែម ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា ទន្ទឹមជាមួយការពង្រឹង និងអនុវត្តនូវកំណែទម្រង់ថ្មីនេះ សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធក៏បង្កើននូវការឧបត្ថម្ភដល់ក្លិប និងកីឡាករ-កីឡាការិនីចូលរួមការប្រកួតប្រចាំឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង